(ព្រៃវែង)៖ លោកវេជ្ជបណ្ឌិត អាន សាយ ជា ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងជាតំណាង លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត៥០នាក់ បានបន្តដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់រដ្ឋមន្ត្រី វង សូត ចុះទៅពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំជាច ស្រុកកំចាយមា ខេត្តព្រៃវែង ចំនួន៨១០នាក់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត រដ្ឋមន្ត្រី វង សូត នាថ្ងៃដដែលនេះ បានចុះទៅពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋ៨១០នាក់ ដោយឥតគិតថ្លៃ នៅ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំជាច ស្រុកកំចាយមា ខេត្តព្រៃវែង ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ ក្នុងការព្យាបាលជំងឺគ្រប់មុខ។
តាមគម្រោង នាថ្ងៃស្អែកនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត រដ្ឋមន្ត្រី វង សូត នឹងបន្តដំណើរចុះទៅពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ទៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំជាបន្តទៀតផងដែរ។
គិតមកដល់ពេលនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់រដ្ឋមន្ត្រី វង សូត បានចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ចំនួន៤ទីតាំងរួចមកហើយ រួមមាននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យវាលម្លូ ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជួយដល់ប្រជាពលរដ្ឋជាង៦០០នាក់ ដោយឥតគិតថ្លៃ និង នៅវត្តកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជួយដល់ប្រជាពលរដ្ឋជាង៧០០នាក់ និងនៅវត្តអំពុក ភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជួយដល់ប្រជាពលរដ្ឋជិត១០០០នាក់ និងវត្តរើល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មំ ជាង៥០០នាក់។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា បានចេញសម្រេចមួយ ស្តីពីការបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្តរដ្ឋមន្ត្រី វង សូត ដែលមានសមាសភាពកើនរហូតដល់៥០រូបហើយ ក្នុងការចុះពិនិត្យព្យាបាលជំងឺ ដោយស្ម័គ្រចិត្តតាមសហគមន៍នានា ពិសេសក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាចនៃស្រុកកំចាយមារ ខេត្តព្រៃវែង។
យោងតាមសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ក្រុមគ្រូពេទ្យស័គ្រ្មចិត្តនេះ មានភារកិច្ច ចុះពិនិត្យព្យាបាលជំងឺ ដោយស្ម័គ្រចិត្តតាមសហគមន៍នានា ពិសេសក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាចនៃស្រុកកំចាយមារ ខេត្តព្រៃវែង ,អប់រំផ្សព្វផ្សាយ ពាក់ព័ន្ធនិងសុខភាព អនាម័យក្នុងសហគមន៍ ,រិះគន់មធ្យោបាយ និងរៀបចំផែនការ សកម្មភាពការងារ ចុះតាមឃុំនានា ចំណុះស្រុកពញាក្រែក និងឃុំជាច ខេត្តព្រៃវែង, សម្របសម្រួល សហការជាមួយគ្រប់ អង្គភាព ស្ថាប័នបក្ស និងរដ្ឋ ដើម្បីបំពេញការងារ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ក្រៅពីនោះ ក៏នៅមានតួនាទីសំខាន់ៗមួយចំនួនទៀត៕