(កំពង់ធំ)៖ យ៉ាងហោចណាស់ មានពលរដ្ឋជាង២ពាន់នាក់ បានមកទទួលសេវាពិនិត្យ ព្យាបាលជំងឺភ្នែក ត្រចៀក ច្រមុះ និងបំពង់ក ឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ដែលជាកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា សមាគមចក្ខុខ្មែរ និងអង្គការក្ដីសង្ឃឹមកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែមិថុន ឆ្នាំ២០១៨។
ការពិនិត្យ និងព្យាបាលជំងឺនេះធ្វើឡើងនៅក្នុង បវិវេណវត្ត ជីនិតារាម ស្ថិតនៅ ឃុំកំពង់ថ្ម ដោយមានពលរដ្ឋជាច្រើនរូប បានមកពិនិត្យព្យាបាលជំងឺនេះ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមចក្ខុខ្មែរ និងអង្គការក្ដីសង្ឃឹមកម្ពុជា។
ក្នុងថ្ងៃនោះ ក៏មានការអញ្ជើញចូលរួមពីលោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជានិងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសន្ទុក និងលោកស្រី ខៀវ ស៊ីណា អនុប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជា ប្រចាំខេត្តកំពង់ធំ។
លោក ជា ចាន់តូ បានថ្លែងឲ្យដឹងថា នេះជាសកម្មភាពមនុស្សធម៌ ស្ដែងពីទឹកចិត្តគោរពស្រលាញ់ ក៏ដូចជាការលើកម្ពស់ សុខមាលភាព ជូនពលរដ្ឋ នេះជាផ្នែកមួយសម្រាប់ ជួយសម្រួលដល់ការលំបាក របស់ពួកគាត់ ក្នុងការស្វែងរកសេវាផងដែរ។ ទាំងនេះជាទឹកចិត្តដ៏ស្មោះស្ម័គ្រ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដ៏ល្អប្រពៃក្នុងការរួមចំណែក ជួយទៅដល់បងប្អូនពលរដ្ឋ។
លោក ជា ចាន់តូ បានបញ្ជាក់ទៀតថា ទាំងនេះជាការគិតគូរ គ្រប់ពេលវេលាចំពោះសុខភាព របស់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ទាំងអស់គ្នា ទទួលបានសុខភាពល្អទាំងផ្លូវចិត្ត និងផ្លូវកាយ។
លោក Victor ជនជាតិកាណាដា ដែលដឹកនាំក្រុមគ្រូពេទ្យ របស់សមាគមចក្ខុខ្មែរ មកព្យាបាលពលរដ្ឋ ក្នុងស្រុកសន្ទុកនេះឲ្យដឹងថា ការងារមនុស្សធម៌នៅពេលនេះក្រៅពី ផ្ដល់ការពិនិត្យ ព្យាបាល ក៏មានការផ្ដល់ជូនវ៉ែនតា និងរបៀបនៃការថែរក្សាការពារភ្នែក ទៅដល់ពលរដ្ឋផងដែរ។
ដោយឡែកក្នុងករណី ពលរដ្ឋមានស្ថានភាពធ្ងន់ធ្ងរ នឹងត្រូវបញ្ជូនទៅវះកាត់នៅក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃផងដែរ។
លោកស្រីវេជ្ជបណ្ឌិត កែប ចន្ទសាមា ប្រធានអង្គការក្ដីសង្ឃឹមកម្ពុជា (HOPE Cambodia ) មានជំនាញខាង ព្យាលបាលជំងឺ ត្រចៀក ច្រមុះ និង បំពង់ក បានអះអាងថា ក្រុមលោកស្រី ពិតជាមានការរីករាយ និងពេញចិត្តណាស់ ពេលឃើញមានប្រជាពលរដ្ឋ មកទទួលយកសេវាពិនិត្យ និង ព្យាបាល ទោះបីត្រូវប្រើពេលប៉ុន្មានក៏ដោយ ក៏ត្រូវពិនិត្យ និងព្យាបាលជំងឺជូនដល់ពលរដ្ឋឲ្យបានគ្រប់ៗគ្នា៕