(ភ្នំពេញ)៖ លោក វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកំពង់សៀម និងស្រុកតំបែរ និងសហការរី នៅរសៀលថ្ងៃទី១៦ ខែមិថុនានេះ បានបន្តដំណើរទៅជួបប្រជាពលរដ្ឋចំនួន ១៧០០នាក់ ដើម្បីធ្វើការសំណេះសំណាល សាកសួរសុខទុក្ខ និងស្តាប់នូវរាល់បញ្ហាដែលកំពុងកើតមានទាំងក្នុងការងារ បង្កបង្កើនផល និងក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូន រួចព្យាយាមកែលម្អ និងដោះស្រាយជូនជាជំហានៗទៅតាមការចាំបាច់។
ពិធីនេះប្រារព្វធ្វើឡើង នៅក្នុងបរិវេណវត្តខ្នុរ ភូមិខ្នុរ ឃុំនាងទើត ស្រុកតំបែរ។
លោក វេង សាខុន បានសម្តែងនូវអំណរសាទរ សប្បាយរីករាយ ដោយបានឃើញការរីកចម្រើនលើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ ក្រោមម្លប់សុខសន្តិភាព ដ៏ប្រពៃដែលសម្តេចតេជោ ហ៊ុន សែន បានខិតខំតស៊ូ ពុះពារគ្រប់ឧបសគ្គនាំយកមកជូនជនរួមជាតិ។
លោកថ្លែងថា ទោះឋិតក្នុងកាលៈទេសៈណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខ និងបញ្ហាជីវភាពប្រចាំថ្ងៃរបស់បងប្អូនដោយមិនព្រងើយកន្តើយឡើង។
លោកបានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ក្រោយពីប្រទេសជាតិ ទទួលបានសុខសន្តិភាព ស្ថិរភាពពេញលេញ នាំឲ្យប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ ជីវភាពរបស់ប្រជាពលរដ្ឋត្រូវបានកែ លម្អ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបានអភិវឌ្ឍជា បណ្តើរៗ សេដ្ឋកិច្ចជាតិមានការរីកចម្រើន។
លោកបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកំពុងខិតខំយកអស់កំលាំងកាយចិត្ត និងរិះរកគ្រប់មធ្យោបាយ ដាក់ចេញនូវគោលនយោបាយអភិវឌ្ឍជាតិ និងគាំពារសង្គម សមស្របដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈម សេចក្តីត្រូវការ កំណើនសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុក ជាជំហានៗធានាបាននូវសុខ សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងការរីកចម្រើនដោយនិរន្តរភាព ស្របតាម ទស្សនវិស័យនាឆ្នាំ ២០៣០ របស់រាជរដ្ឋាភិបាលគឺចង់ប្រែក្លាយប្រទេសយើងឲ្យទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់។
លោកបានលើកឡើងទៀតថា ដើម្បីសម្រេចបាននូវឆន្ទះនេះ រាជរដ្ឋាភិបានបានដាក់ចេញ នូវផែនការសាងសង់ហេដ្ឋរចនាសម្ព័ន្ធរូបវ័នសំខាន់ៗដូចជា ការពង្រីក គមនាគមន៍ផ្លូវទឹក ផ្លូវគោក និងអាកាស ដើម្បីបង្កលក្ខខណ្ឌល្អសម្រាប់ការវិនិយោគ ទេសចរណ៍ ការនាំចេញកសិផល បង្កើតការងារ និងបង្កើនប្រាក់ចំណូល។ ដើម្បីឈានទៅសម្រេចបាននូវគោល នយោបាយដ៏ត្រឹមត្រូវនិងច្បាស់លាស់នេះ លោកសូមឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព ស្ថេរភាព និងសមិទ្ធផលទាំងអស់ដែលយើងបានរួមគ្នាកសាងកន្លងមក។
លោក វេង សាខុន បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅឃុំនាងទើត និងនៅទូទាំងស្រុកតំបែរ សូមអញ្ជើញនាំគ្នាទៅបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជាដែលមាន រូបសញ្ញាទេវតាបាចផ្កា លេខរៀងទី២០ ស្រួលចាំ ស្រួលគិត និងស្រួយគូស ដើម្បីផ្តល់ជូនសម្តេចតេជោសែន ធ្វើជានាយករដ្ឋមន្រ្តី បន្តដឹកនាំប្រទេសកម្ពុជានៅ អាណត្តិក្រោយៗទៀត។
ជាចំណងដៃថ្មីមួយទៀតសម្រាប់ស្រុកតំបែរ លោកបានឲ្យសមាជិកក្រុមការងារថ្នាក់កណ្តាល ចុះអនុវត្តគោល នយោបាយ ក៣ (កើត ការ និងការទទួលមរណ) ដោយត្រូវជួយឧបត្ថម្ភ១០ម៉ឺនរៀល សម្រាប់ពិធីនីមួយៗ ហើយ សុំឲ្យអាជ្ញាធរមូលដ្ឋានចុះមកធ្វើសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបត្រមរណភាពដល់ទីកន្លែង ដោយគ្មានយកកម្រៃសេវាជូនប្រជាជន។
នាឱកាសនេះ លោក វេង សាខុន បានជួយឧបត្ថម្ភថវិកាចំនួន១០០០ដុល្លារសម្រាប់កសាងទីសេនាសេណាក់ ក្នុងវត្តសិរីពោធិព្រឹក្ស ឧបត្ថម្ភតាពិការភ្នែក និងកើតជំងឺហឺតម្នាក់ៗ ២០ម៉ឺនរៀល និងឧបត្ថម្ភអ្នកចូលរួមម្នាក់ៗ១ម៉ឺនរៀលចំនួន១៧០០នាក់ សរុប ១៥លានរៀលផងដែរ៕