(ភ្នំពេញ)៖ អធិការរងខណ្ឌ៧មករា ម្នាក់ឈ្មោះ អ៊ូ ពៅ ទទួលបន្ទុកអន្ដោប្រវេសន៍ រហ័សនាម០៦ បានរងបណ្តឹងថា បាននាំបក្ខពួកទៅវាយអតីតចៅសង្កាត់ពន្សាំង គឺលោកស្រី ឌី សារៀម និងប្តីលោកស្រី ដល់ក្នុងសាលាសង្កាត់ បណ្តាលឲ្យរងរបួស ព្រោះរឿងលុយកម្រៃជើងសារទិញលក់ដីធ្លី។
យោងតាមពាក្យរបស់លោក សេត សឹម ជាប្តី និងលោកស្រី ឌី សារៀម អតីតចៅសង្កាត់ពន្សាំង ជាប្រពន្ធបានប្តឹងឈ្មោះ លោក អ៊ូ ពៅ ភេទប្រុស អាយុប្រហែល ៤១ឆ្នាំ មុខរបរជាអធិការរងខណ្ឌ៧មករា ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ខណ្ឌព្រែកព្នៅ ដោយចោទប្រកាន់ឈ្មោះ អ៊ូ ពៅ ថាបានវាយពួកខ្លួនបណ្តាលឲ្យត្រូវក្បាល និងដងខ្លួនរងរបួសហើម។
ពាក្យបណ្តឹងបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ម៉ោងប្រមាណជាជាង១០ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ ជនរងគ្រោះ ឈ្មោះ សេត សឹម និងឈ្មោះ ឌី សារៀម បានទៅសាលាសង្កាត់ពន្សាំង ដោះស្រាយរឿងឈ្មោះ យី សុខជា ពាក់ព័ន្ធរឿងលុយកម្រៃជើងសារ ទិញលក់ដីធ្លីរបស់ជនរងគ្រោះ។
ខណៈដែលជនរងគ្រោះ និងឈ្មោះ យី សុខជា កំពុងតែដោះស្រាយគ្នាស្រាប់តែឈ្មោះ អ៊ូ ពៅ ជាអ្នកស្គាល់គ្នាជាមួយឈ្មោះ យី សុខជា ដែលមិនមានជាប់ពាក់ព័ន្ធ ក្នុងរឿងនោះសោះបានដើរចូលទៅក្នុងបន្ទប់ ហើយគំរាមកំហែងជនរងគ្រោះ ទើបជនរងគ្រោះបានយកទូរស័ព្ទថតរូបឈ្មោះ អ៊ូ ពៅ ក៏ត្រូវឈ្មោះ អ៊ូ ពៅ វាយតែម្តងទៅ។
ពាក់ព័ន្ធរឿងលុយកម្រៃជើងសារ ដែលជនរងគ្រោះឈ្មោះ សេត សឹម និងឈ្មោះ ឌី សារៀម អះអាងថា ពួកគាត់បានលក់ដីមួយកន្លែង ដោយមិនមានឈ្មោះ យី សុខជា ជាអ្នកគក់ជេនោះទេ ហើយក្រុមជនរងគ្រោះ ក៏បានកាត់៣ភាគរយនៃថ្លៃដីឲ្យទៅក្រុមនាំម៉ូយមកទិញដីពួកគាត់រួចហើយ ស្រាប់តែលេចមុខ ឈ្មោះ យី សុខជា និងបក្ខពួកឈ្មោះ អ៊ូ ពៅ ទៅទាមទារលុយ៣ភាគរយទៀត និងបានគំរាមកំហែងពួកគាត់ដល់ផ្ទះ និងរហូតតាមវាយធ្វើបាប ពួកគាត់នៅមុខអាជ្ញធរមានសមត្ថកិច្ចតែម្តង។
ករណីលោក អ៊ូ ពៅ អធិការរងខណ្ឌ៧មករា ទៅវាយ និងគំរាមកំហែង លោកស្រីឌី សារៀម និងប្តីដល់ក្នុងសង្កាត់ពន្សាំង លោក ឌិន សារ៉ាតុប អធិការរងខណ្ឌព្រែកព្នៅ ទទួលបន្ទុកព្រហ្មទណ្ឌ បានប្រាប់អ្នកសារព័ត៌មានថា លោកអត់ទាន់ដឹងផង។
ចំណែកលោក នេត ស៊ីថុន អធិការខណ្ឌ៧មករា ក៏អ្នកសារព័ត៌មានមិនទាន់អាចសុំការបញ្ជាក់ពាក់ព័ន្ធករណី លោក អ៊ូ ពៅ ជាកូនចៅរបស់លោក យកអំណាចជាអធិការរង ដើរគំរាមកំហែកពលរដ្ឋ និងវាយដំពលរដ្ឋមិនញញើតច្បាប់ បែបនេះបាននៅឡើយទេ៕