Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិន គ្រោងនឹងវិនិយោគ លើវិស័យសណ្ឋាគារលំដាប់ផ្កាយ៥ ខ្នាតអន្ដរជាតិ ក្នុងប្រទេសកម្ពុជា

16-06-2018 14:51

(ភ្នំពេញ)៖ ក្រុមហ៊ុនចិនចំនួន២ គ្រោងនឹងសហការគ្នារួមបោះទុនវិនិយោគខ្ទង់លានដុល្លារ សាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ខ្នាតអន្ដរជាតិ នៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

ក្រុមហ៊ុនទាំង២នោះរួមមាន ក្រុមហ៊ុន យៀកថៃគ្រុប និងក្រុមហ៊ុន White Swan ដែលជាក្រុមហ៊ុន លំដាប់អន្ដរជាតិ ផ្នែកអចលទ្រព្យរបស់ចិន​ និងបានចុះហត្ថលេខារួមគ្នាលើគម្រោងនេះ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨។

លោក យ៉ាង ស័រ ប្រធានក្រុមហ៊ុន យៀកថៃគ្រុប បានថ្លែងឲ្យដឹងថា គម្រោងសណ្ឋាគារលំដាប់ផ្កាយ៥ខ្នាតអន្ដរជាតិ នឹងសាងសង់ឡើង នៅកណ្ដាលរាជធានីភ្នំពេញ ប្រទេសកម្ពុជា លើផ្ទៃដីទំហំ១១៧ម៉ឺនម៉ែត្រការរ៉េ។

លោកបានបញ្ជាក់ទៀតថា កត្តាដែលលោកជ្រើសរើសប្រទេសកម្ពុជា ក្នុងការវិនិយោគទៅសណ្ឋាគារលំដាប់ផ្កាយ៥ ខ្នាតអន្ដរជាតិនេះ ព្រោះ​សំលឹង​ឃើញពីសក្ដានុពលផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាមានភាពល្អប្រសើរ មានសុខសន្ដិភាព និងស្ថេភាពនយោបាយ ដ៏ល្អរបស់កម្ពុជា។

លោកបានបន្ដទៀតថា គម្រោងសណ្ឋាគារលំដាប់ផ្កាយ៥នេះ នឹងជួយជំរុញវិស័យទេសចរណ៍របស់ចិន ចូលមកកម្ពុជា កាន់តែច្រើនឡើងៗ ពិសេស​រាជធានីភ្នំពេញ មួយវិញទៀតនេះក៏អាចផ្លាស់ប្ដូរ ទៅលើផ្នែកវប្បធម៌រវាងប្រទេសចិន និងកម្ពុជាផងដែរ។

សូមបញ្ជាក់ថា យៀកថៃគ្រុប ជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនឆ្នើមចំនួន១០០ ដែលបានចុះបញ្ជី លើទីផ្សារមូលបត្រ ក្នុងក្រុងសៀងហៃ ប្រទេសចិន ដោយបានប្រែខ្លួនក្លាយ ជាសហគ្រាសមួយ ដែលបូករួមបញ្ចូលគ្នារវាង ការអភិវឌ្ឍន៍អចលនវត្ថុ ស្ថាបត្យកម្ម ប្រតិបត្តិការអាជីវកម្ម និងសេវាកម្មគ្រប់គ្រង ទ្រព្យសម្បត្តិដ៏ជោគជ័យ។ នេះមិនមែនជាលើកដំបូងទេដែរ ក្រុមហ៊ុន យៀកថៃគ្រុប បានអភិវឌ្ឍន៍ គម្រោងអគារធំៗនៅក្នុងប្រទេសកម្ពុជានេះ កន្លងមកក្រុមហ៊ុនបានវិនិយោគទៅលើអាគារ ជាច្រើនរួមមាន អគារ EAST ONE ដែលមានទីតាំងស្ថិតនៅជិតបរមរាជ​វាំង គម្រោង EAST VIEW អគារលំនៅដ្ឋាន បែបពាណិជ្ជកម្មជាដើម៕