(ភ្នំពេញ)៖ ក្នុងទិសដៅធ្វើការអភិវឌ្ឍរាជធានីភ្នំពេញ សំដៅរៀបចំសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវ និងដើម្បីលើកសោភ័ណភាពទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងរៀបចំខឿនចិញ្ចើមផ្លូវ ខឿនស៊ុដើមឈើ និងក្រាលការឺឡាថ្មី ការរឺឡាសម្រាប់ជនពិការ ឲ្យស្របតាមបទដ្ឋានបច្ចេកទេស និងមានសោភ័ណភាពដល់ចិញ្ចើមផ្លូវសងខាង តាមបណ្តោយមហាវិថីព្រះនរោត្តម។

យោងតាមសេចក្តីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh New ទទួលបាននៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ មូលហេតុដែលរដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលសោភ័ណភាពផ្លូវនេះ ព្រោះកន្លងមក អាជ្ញាធរបានសង្កេតឃើញថា ចិញ្ចើមផ្លូវសាធារណៈ សងខាងតាមបណ្តោយមហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូលវិមានឯករាជ្យ ដល់រមណីយដ្ឋានវត្តភ្នំ មានសភាពចាស់ទ្រុឌទ្រោម និងមានកម្រិតកម្ពស់មិនស្មើគ្នា ដែលជាហេតុធ្វើឲ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ភ្ញៀវទេសចរ ជាពិសេសអ្នកធ្វើដំណើរដោយថ្មើរជើង។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ និងប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយមហាវិថីព្រះនរោត្តម មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យ ចំពោះការរំខានដល់ការចេញចូលគេហដ្ឋាន ឬធ្វើចរាចរឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើង ដើម្បីឲ្យការអនុវត្តគម្រោងបានតាមផែនការកំណត់៕