(ត្បូងឃ្មុំ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងថា តាំងពីដើមរៀងមក បើទោះបីជាកម្ពុជា បានចេញដំណើរពីឆ្នាំ១៩៧៩ ដោយបាតដៃទទេ និងឆ្លងកាត់ឧបសគ្គជាច្រើនស្ទើររាប់មិនអស់ ក្នុងការស្វែងរកសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍជូនប្រជាពលរដ្ឋយ៉ាងណាក៏ដោយ គណបក្សប្រជាជនកម្ពុជាបានប្តេជ្ញាយ៉ាងមុតមាំថា ត្រូវតែបន្តខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គដោយមិនរាថយ ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យ មានការរីកចម្រើន ទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធិចក្រ រហូតមានកិត្យានុភាពលេចធ្លោ នៅលើឆាកអន្តរជាតិ។
នេះជាការគូសបញ្ជាក់ជាថ្មីរបស់សម្តេច ក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលាថ្មី និងសមិទ្ធផលនានា ក្នុងវត្តគីរីមានជ័យ ហៅវត្តបឹងជ្រោង ស្ថិតក្នុងឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ។
ក្នុងពិធីនេះដែរ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់ព្រះសង្ឃគ្រប់ព្រះអង្គ ព្រះគ្រូចៅអធិការគ្រប់ជំនាន់ ពុទ្ធិបរិស័ទ និងសប្បុរជនជិតឆ្ងាយ ដែលបានរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំ កសាងសមិទ្ធផលសំខាន់ៗ ដ៏ច្រើនក្នុងទីអារាមនេះ។
សម្តេចពញាចក្រី ហេង សំរិន បានបញ្ជាក់ថា «បច្ចុប្បន្ននេះ វិស័យពុទ្ធិចក្រមានការរីកចម្រើនយ៉ាងខ្លាំង យើងមានវត្តអារាមនៅទូទាំងប្រទេសជាង៤ពាន់វត្ត ហើយមានព្រះសង្ឃជាង ៥ម៉ឺនអង្គ។ ជាមួយគ្នានេះដែរ ព្រះវិហារឥស្លាម គ្រឹស្តសាសនា និងសាសនាដទៃទៀត ក៏បានកើតឡើងព្រោងព្រាតជាបន្តបន្ទាប់ ហើយអ្វីដែលសំខាន់ គឺការធ្វើសុខដុមនីយកម្មសាសនា នៅទូទាំងប្រទេសរបស់យើង ដោយសន្តិភាព មិនមានជម្លោះទាស់ទែងគ្នា រវាងសាសនាមួយ និងសាសនាមួយទៀតឡើយ»។
សម្តេចបានបន្តទៀតថា «យើងតែងបានចាត់ទុកថា ទីវត្តអារាមមិនគ្រាន់តែជាទីសក្ការៈសម្រាប់គោរពបូជាតាមផ្លូវជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាថ្នាលបណ្តុះបណ្តាលនូវចំណេះដឹង បញ្ញាញាណ តម្លៃសីលធម៌ និងស្មារតីរួមរស់សាមគ្គី គ្នាតាមផ្លូវពុទ្ធិចក្រ និងអាណាចក្រទៀតផង។ ក្នុងន័យនេះ វត្តអារាម គឺជាជម្រកដ៏មានសុវត្ថិភាព និងប្រកបដោយភាពសុខសាន្តបំផុត សម្រាប់លោកយាយ លោកតា និងចៅៗសិស្សានុសិស្ស មកស្នាក់នៅ រៀនសូត្រ ទាំងផ្លូវលោក និងផ្លូវធម៌ ដែលរហូតមកដល់ពេលនេះមានរយៈពេលជិត ៤០ឆ្នាំ ដែលគណបក្សប្រជាជនកម្ពុជា បានផ្ដល់ឱកាសយ៉ាងពេញលេញឱ្យប្រជាជនកម្ពុជាគោរពជំនឿសាសនាឡើងវិញ ទៅតាមអ្វីដែលជាចំណង់ចំណូលចិត្តរបស់ប្រជាជន»។
បើតាមសម្តេចប្រធានរដ្ឋសភាព កម្ពុជាកំពុងអនុវត្តន៍យ៉ាងត្រឹមត្រូវតាមបាវចនាគឺ «ជាតិ សាសនា ព្រះមហាក្សត្រ» ក្នុងន័យនេះ កម្ពុជាតែងលើកតម្លៃព្រះសង្ឃ ដែលជាស្រែបុណ្យ និងជាបុគ្គល ដែលពុទ្ធិបរិស័ទ្ធ ត្រូវតែគោរព និងប្រណិបត្តិ។
សម្តេចពញាចក្រី ហេង សំរិន បានសង្កត់ធ្ងន់ថា ផ្នែកពុទ្ធិចក្រ និងអាណាចក្រពិតជាបានរួមចំណែក និងមានចំណងទាក់ទងគ្នាបេះមិនដាច់ឡើយ។ ប្រសិនបើប្រទេសជាតិមានអស្ថិរភាពហើយនោះ គឺពុទ្ធិចក្រក៏មិនអាចមានជីវិតរស់រាន និងរីកចម្រើនបានឡើយ។
សម្តេចនៅតែទទូចសូមឱ្យព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយ លោកតា ព្រមទំាងជនរួមជាតិទំាងអស់ ត្រូវតែការពារឱ្យបាននូវសុខសន្ដិភាព និងពង្រឹងសាមគ្គីភាពជាតិ ដើម្បីប្រជាជាតិខ្មែរខ្លាំង និងរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅរកវឌ្ឍនភាពរីកចម្រើនបន្តទៀត។
សូមជម្រាបថា ក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលាថ្មី និងសមិទ្ធផលនានា ក្នុងវត្តគីរីមានជ័យ ហៅវត្តបឹងជ្រោង ក៏មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពញាចក្រី ហេង សំរិន ដឹកនាំដោយ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ទីប្រឹក្សាផ្ទាល់សម្តេចប្រធានរដ្ឋសភាមួយក្រុម ធ្វើការពិនិត្យ និងផ្តល់ថ្នាំសង្កូវព្យាបាលជំងឺផ្សេងៗ ដល់ប្រជាជនក្នុងមូលដ្ឋាននេះ ដោយឥតគិតថ្លៃផងដែរ៕