(កណ្តាល)៖ នាព្រឹកថ្ងៃសៅរ៍ ៤ កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៨ នេះលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្ដាល និងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកសិក្សាចំនួន១,៥០៣នាក់ក្នុងស្រុកខ្សាច់កណ្តាល ។
ឆ្លៀតក្នុងឱកាសនោះដែរ, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានអំពាវនាវឱ្យលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកសិក្សាទាំងអស់ទៅបោះឆ្នោត និងស្នើឱ្យលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកសិក្សាទាំងអស់ជំរុញឪពុក-ម្តាយ, បងប្អូន, កូនចៅ និងមិត្តភ័ក្ររបស់ខ្លួនដែលគ្រប់អាយុ ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ ដើម្បីខ្លួនឯង និងគ្រួសាររបស់ខ្លួន ក៏ដូចជាដើម្បីបន្តថែរក្សាសុខសន្តិភាព, ស្ថេរភាពសង្គម, និងការអភិវឌ្ឍប្រទេសជាតិទាំងមូល ។
លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា នៅក្នុងនីតិកាលទី ៥ នេះ វិស័យអប់រំត្រូវបានកែទម្រង់យ៉ាងស៊ីជម្រៅ ដែលនាំឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមានយ៉ាងច្រើន រួមមានការពង្រឹងគុណភាពវិស័យអប់រំនៅគ្រប់កម្រិត, ការលុបបំបាត់ការលួចចម្លងគ្នានៅ ក្នុងពេលប្រឡងនានា ជាពិសេសការប្រឡងមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី ១២), និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាលើសុខមាលភាព, គុណតម្លៃ និងការលះបង់របស់លោកគ្រូ-អ្នកគ្រូទាំងអស់ក្នុង ការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ដោយរាជរដ្ឋាភិបាលបានតម្លើងប្រាក់បៀវត្សរហូតដល់ជាង១លានរៀល ចាប់ពីឆ្នាំ ២០១៨ នេះតទៅ និងការផ្តល់នូវការឧបត្ថម្ភគាំពារផ្សេងៗដទៃទៀត ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់លោកគ្រូ-អ្នកគ្រូទាំងអស់នៅទូទាំងប្រទេស ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្ដាល បានថ្លែងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពជាងគេ ដោយបានបង្កើនចំណាយរបស់ក្រសួងអប់រំ យុវជន និងកីឡា រហូតដល់ប្រមាណជាង ៣ ដង គិតចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៨ នេះ ពីព្រោះរាជរដ្ឋាភិបាលដឹងច្បាស់ថា ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព, សមត្ថភាព និងគុណធម៌ គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ប្រទេសទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ហើយវិស័យអប់រំនឹងនៅតែជាវិស័យអាទិភាពសម្រាប់ប្រទេសកម្ពុជា នៅក្នុងនីតិកាលក្រោយៗទៀត ដរាបណាប្រជាពលរដ្ឋនៅតែបន្តជឿទុកចិត្ត និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាល ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា មានតែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលតែងតែគិតគូរពីសុខទុក្ខ, ការលំបាក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងតែងតែនៅជាប់ជាមួយប្រជាជនគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។ ដូច្នេះ, សូមលោកគ្រូ- អ្នកគ្រូ និងបុគ្គលិកសិក្សាទាំងអស់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី ២០ នៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះកុំបីខាន ។