(ភ្នំពេញ)៖ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) និងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX) បានសហការរួមគ្នាបញ្ជ្រាបចំណេះដឹង លើការជួញដូរឧបករណ៍និស្សន្ទ ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា ដល់សាធារណជន ដើម្បីបង្កើនចំណេះដឹង សក្ដានុពលនៃទីផ្សារឧបករណ៍និស្សន្ទ ឲ្យបានកាន់តែទូលំទូលាយ។
កម្មវិធីរួមគ្នាបញ្ជ្រាបចំណេះដឹងនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា រួមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹងស្តីពី ទីផ្សារឧបករណ៍និស្សន្ទ និងលើកកម្ពស់ការយល់ដឹង ពីសក្ដានុពលនៃទីផ្សារឧបករណ៍និស្សន្ទ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច ប្រទេសកម្ពុជា និងបង្ហាញពីឱកាសវិនិយោគដល់វិនិយោគិនទាំងក្នុងស្រុក និងអន្តរជាតិផងដែរ។
លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន CDX ថ្លែងថា ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន CDX ក្នុងការបន្តគាំទ្របេសកកម្មរបស់ គ.ម.ក ដោយផ្តល់ចំណេះដឹងហិរញ្ញវត្ថុ ដល់សាធារណជន និងការនាំយកអ្នកចូលរួមទីផ្សារអន្តរជាតិ មកប្រទេសកម្ពុជា ជាបន្តបន្ទាប់ ដែលបង្កើតនូវយុគសម័យដ៏រុងរឿងក្នុងទីផ្សារឧបករណ៍និស្សន្ទ។
លោក Lawrence ក៏បានថ្លែងអំណរគុណ ដល់គណៈកម្មការមូលបត្រកម្ពុជា ដែលបានបង្កើតវេទិកានេះឡើង ព្រមទាំងថ្លែងអំណរគុណដល់ វាគ្មិនទាំងអស់ចំពោះ ការខិតខំប្រឹងប្រែងក្នុងការជំរុញការយល់ដឹង ជាសាធារណៈអំពីការជួញដូរឧបករណ៍និស្សន្ទ ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍វិស័យនេះ ក្នុងប្រទេសកម្ពុជា។
លោក ស៊ូ សុជាតិ បានថ្លែងឲ្យដឹងថា «កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង បង្កើតការយល់ដឹងដល់សាធារណជន វិនិយោគិន ព្រមទាំងបង្ហាញពីសក្ដានុពល នៃទីផ្សារឧបករនិស្សន្ទនៅកម្ពុជាផងដែរ។ ទីផ្សារនៃឧបករណ៍និស្សន្ទកម្ពុជា បានលេចរូបរាងឡើង បន្ទាប់ពីការអនុម័តនៅបទបញ្ញាតិ ស្ដីពីការផ្ដល់អាជ្ញាបណ្ណ និងការគ្រប់គ្រងការជួញដូរឧបករណ៍និស្សន្ទ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥»។
លោក ស៊ូ សុជាតិ បានថ្លែងទៀតថា ឈ្មួញជើងសារឧបករណ៍ និស្សន្ទមានចំនួន១៤ ប៉ុន្ដែបច្ចុប្បន្ននេះមានការស្នើសុំអាជ្ញាបណ្ណមិនតិចជាង១០នោះទេ។ ប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ទ មានការកើនឡើងគួរឲ្យកត់សំគាល់ ដោយសារតែបច្ចុប្បន្នសាធារណជន យល់ដឹងពី វិស័យនេះបន្ដិចម្ដងៗ ទំនុកចិត្តកាន់តែកើន ចំណែកឯការប្រតិបត្តិការកាន់តែមានវិជ្ជាជីវៈ។
ក្នុងឱកាសនោះដែរ ក្រុមហ៊ុន CDX និងក្រុមហ៊ុន JFX ក៏បានធ្វើកិច្ចសហការរួមគ្នា ដោយមានលោកបណ្ឌិត Dr. Sammy So នាយកប្រតិបត្តិក្រុមហ៊ុន CDX និង លោក Stephanus អគ្គនាយកក្រុមហ៊ុន JFX ជាតំណាងបានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ (MOU) លើកិច្ចសហប្រតិបត្ដិការធុរកិច្ច និងមានសក្ខីភាពពីអាជ្ញាធររដ្ឋាភិបាល។ ការចុះ MOU នេះ ជាការបង្កើតគ្រឹះដ៏រឹងមាំមួយសម្រាប់ អភិវឌ្ឍស្តង់ដារទីផ្សារហិរញ្ញវត្ថុ នៅប្រទេសកម្ពុជាផងដែរ។
លោកបណ្ឌិត Dr. Sammy បានបង្ហាញពីទស្សនវិស័យចម្បង របស់ក្រុមហ៊ុន CDX ក្នុងការបង្កើនសម្ព័ន្ធភាព ជាមួយក្រុមហ៊ុននានា ដើម្បីនាំយកបច្ចេកវិទ្យាទំនើប និងការគាំទ្រយ៉ាងពេញទំហឹង ដល់ទីផ្សារឧបករណ៍និស្សន្ទក្នុងប្រទេសកម្ពុជា។
សូមជម្រាបថា នៅក្នុងថ្ងៃនោះក៏មានការពិភាក្សាស្ដីពី «កាលានុវត្តភាពក្នុង ស្រុកសម្រាប់អ្នកចូលរួមអន្តរជាតិ» ដោយមានអ្នកវិនិយោគជំនាញៗចំនួន៦រូបនៅមកពីក្រុមហ៊ុនធំៗទាំង ក្នុងប្រទេសកម្ពុជា និងអន្ដរជាតិ។ កិច្ចពិភាក្សានេះ ពាំនាំមកនូវការវិភាគដ៏ស៊ីជម្រៅ អំពីអនាគតនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ជាមួយគ្នានោះ ការមានការបង្ហាញ ពីឱកាសវិនិយោគដ៏ធំពាក់ព័ន្ធនឹង ស្ថានភាពហិរញ្ញវត្ថុកម្ពុជា ដែលកំពុងបង្ហាញពីកំណើនវិជ្ជមាន និងការអភិវឌ្ឍន៍ជាមួយធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនជាបន្តបន្ទាប់៕