(ភ្នំពេញ)៖ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា (EDC) បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការបង្កើនការវិនិយោគបន្ថែម នូវទឹកប្រាក់៧០លានដុល្លារអាមេរិក ដើម្បីពង្រឹង និងពង្រីកការផ្គត់ផ្គង់អគ្គិសនី នៅខេត្តព្រះសីហនុ ស្របទៅនឹងការរីកចម្រើនយ៉ាងខ្លាំង របស់ខេត្តជាប់មាត់សមុទ្រមួយនេះ។
គម្រោងនៃការបង្កើនការវិនិយោគ នូវទឹកប្រាក់៧០លានដុល្លារបន្ថែមនេះ ត្រូវបានលោក កែវ រតនៈ បង្ហាញឡើង ក្នុងកិច្ចប្រជុំមួយជាមួយអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨។
លោក កែវ រតនៈ បានលើកឡើងថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីធ្វើឲ្យកំណើនសេដ្ឋកិច្ចទូទាំងប្រទេស មានការកើនឡើងជាលំដាប់ ដែលធ្វើឲ្យបរិមាណនៃត្រូវការផ្គត់ផ្គង់ថាមពលអគ្គិសនី កើតឡើងយ៉ាងខ្លាំង ជាពិសេស ទីប្រជុំជនដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ដូចជាភ្នំពេញ ក្រុងព្រះសីហនុ សៀមរាបជាដើម។
លោកបញ្ជាក់ទៀតថា សម្រាប់តម្រូវការប្រើប្រាស់ថាមពលអគ្គិសនី នៅខេត្តព្រះសីហនុនេះ បានកើតឡើងជាលំដាប់ ដោយរហូតដល់បច្ចុប្បន្ននេះ មានតម្រូវការប្រមាណ៨៥មេហ្គាវ៉ាត់ (ផ្គត់ផ្គង់ចេញពីអនុស្ថានីយ៍ក្រុងព្រះសីហនុ និងអនុស្ថានីយស្ទឹងហាវ)។
លោកអគ្គនាយកបានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងជាបន្តបន្ទាប់នេះ អគ្គិសនីកម្ពុជាបានដាក់ចេញនូវវិធានការ និងដំណោះស្រាយចាំបាច់មួយចំនួន ដោយធ្វើការវិនិយោគបន្ថែមលើការងារមួយចំនួនជាជំហានៗ ដូចជា៖
ជំហានទី១៖ សាងសង់ពង្រីកបន្ថែមខ្សែបណ្ដាញចែកចាយ និងតម្លើងឧបករណ៍អគ្គិសនីមួយចំនួន ដែលគ្រោងចំណាយទឹកប្រាក់ប្រមាណ ៥០ម៉ឺនដុល្លារ ដើម្បីមានលទ្ធភាពនាំយកថាមពលអគ្គិសនី ពីអនុស្ថានីយ៍ស្ទឹងហាវ (ប្រមាណ២០ មេហ្គាវ៉ាត់) បន្ថែមឲ្យបានគ្រប់គ្រាន់មកជួយក្រុងព្រះសីហនុ ដែលការសាងសង់អាចបញ្ចប់ នៅដើមខែមិថុនា ឆ្នាំ២០១៨នេះ។
ជំហានទី២៖ វិនិយោគបន្ថែមកម្លាំងផ្គត់ផ្គង់ នៅអនុស្ថានីយ៍ក្រុងព្រះសីហនុ (តម្លើងត្រង់ស្វូរកម្លាំង៥០មេហ្គាវ៉ាត់) នៅអនុស្ថានីយ៍ស្ទឹងហាវ (តម្លើងត្រង់ស្វូរកម្លាំង ២០០ មេហ្គាវ៉ាត់) ព្រមទាំងសាងសង់ប្រព័ន្ធចែកចាយអគ្គិសនីខ្សែកាបអាកាស និងកប់ដីមួយចំនួន បន្ថែមទៀតដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៨។ ការងារនេះ នឹងត្រូវចំណាយទុនវិនិយោគ ប្រមាណ១០លានដុល្លារអាមេរិក។
ចំពោះដំណាក់កាលក្រោយឆ្នាំ២០២០ អគ្គិសនីកម្ពុជា បាននឹងកំពុងគ្រោងអភិវឌ្ឍន៍ការសាងសង់ប្រព័ន្ធបណ្ដាញបញ្ជូនតង់ស្យូងខ្ពស់១១៥ គីឡូវ៉ុល និង២៣០គីឡូវ៉ុល ដែលត្រូវចំណាយទុនវិនិយោគសរុប ប្រមាណ៥០លានដុល្លារអាមេរិក។
ជាមួយគ្នានេះ អគ្គនាយកអគ្គិសនីកម្ពុជាបានបន្ដថា ដើម្បីសម្រួលឲ្យការងារអភិវឌ្ឍន៍អគ្គិសនីនៅខេត្តព្រះសីហនុនេះឲ្យដំណើរការល្អនោះ លោកស្នើលោកអភិបាលខេត្ត យន្ត មីន ជួយគាំទ្របន្ថែមដូចជា៖
១៖ ចេញវិធានការតឹងរឹងឲ្យគ្រប់ការដ្ឋានសាងសង់នានា (ការជីកផ្លូវ ចំណីផ្លូវ លូសាធារណៈ ការលើកស្ទួចឧបករណ៍ ដែលអាចប៉ះខ្សែអាកាសអគ្គិសនី -ល-)។ សុំការសហការពីអង្គភាពអគ្គិសនីកម្ពុជា ជាមុនដើម្បីជៀសវាងគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងការដាច់ចរន្ដអគ្គិសនីដែលជាការខូចខាតប្រយោជន៍សង្គមទាំងមូល។
២៖ គាំទ្រគម្រោងអភិវឌ្ឍន៍របស់អគ្គិសនីកម្ពុជាទាំងអស់ ក្នុងន័យពង្រីកហេដ្ឋរចនាសម្ព័ន្ធបញ្ជូន និងចែកចាយអគ្គិសនីទៅក្នុងខេត្ត។
៣៖ បង្កើនល្បឿនដោះស្រាយផលប៉ះពាល់គម្រោងខ្សែបញ្ជូនថ្នាក់ជាតិ ដែលភ្ជាប់ពីខេត្តព្រះសីហនុ-ភ្នំពេញ-កោះកុង ដើម្បីពង្រឹងស្ថិរភាព ជូនខេត្តព្រះសីហនុ ក៏ដូចជាសម្រាប់ទូទាំងប្រទេសផងដែរ៕