(ភ្នំពេញ)៖ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី សក្ដានុពលសេវាកម្មទេសចរណ៍ និងការជួបជុំការីទេសចរណ៍ និងទស្សនកិច្ចសិក្សាស្វែងយល់ពីសហគមន៍អេកូទេសចរណ៍ ក្នុងខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបង្ហាញនូវចំណុចពិសេសៗជាច្រើន នៃសក្ដានុពលទេសចរណ៍នៅខេត្តភាគឦសានមួយនេះ ក្នុងនោះមានរមណីយដ្ឋាន និងតំបន់ទេសចរណ៍ទាក់ទាញចំនួន ២១កន្លែង។

សិក្ខាសាលាខាងលើនេះ ធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៩ ខែមិថុនា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណងសិក្សាស្វែងយល់ពីសហគមន៍អេកូទេសចរណ៍ ក្នុងខេត្តស្ទឹងត្រែង ក្នុងន័យជំរុញការអភិវឌ្ឍក្នុងវិស័យទេសចរណ៍ និងជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាគោលដៅត្រៀមរៀបចំបង្កើតកញ្ចប់ទស្សនកិច្ចទេសចរណ៍ ដើម្បីឱ្យក្រុមហ៊ុនទេសចរណ៍ ភ្នាក់ងារទេសចរណ៍ ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយប្រកបដោយគុណភាព។ ក្រៅពីលោកប្រធានមន្ទីរ អ៊ន់ ប៉ោសឿន ក៏មានការចូលរួមពីលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍​ផលិត​ផល​ទេសចរណ៍ នៃក្រសួងទេសចរណ៍ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ព្រមទាំងសិស្ស-និស្សិត យុវជនជាច្រើននាក់ផងដែរ។

លោក អ៊ន់ ប៉ោសឿន បានឱ្យដឹងថា ជាមួយស្ថានភាពភូមិសាស្ត្រមានលក្ខណៈអំណោយផលល្អ ខេត្តស្ទឹងត្រែងជាខេត្តមួយមានសក្ដានុពលដ៏ធំធេង និងមានលក្ខណៈពិសេស មានប្រភពធនធានធម្មជាតិដែលមានលក្ខណៈល្អប្លែក ជាសម្បត្តិដ៏វិសេសវិសាល បម្រើឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តនេះ។ ខេត្តស្ទឹងត្រែង មានជាលក្ខណៈយុទ្ធសាស្ត្រច្បាស់លាស់ និងធានាប្រសិទ្ធភាពខ្ពស់ ដោយមានការគិតគូរពីផលប៉ះពាល់ផ្នែកបរិស្ថានផងដែរ។

លោកថា ការរៀបចំកៀរគរផ្សព្វផ្សាយពីចលនាសក្ដានុពលទេសចរណ៍សម្រាប់អនាគត គឺដើម្បីឱ្យបង្កើនទំនាក់ទំនងស៊ីជម្រៅជាមួយវិស័យឯកជន និងការីទេសចរណ៍ ពិសេសសមាគមទីភ្នាក់ងារទេសចរណ៍ក្នុងប្រទេស និងក្រៅប្រទេសឱ្យបានដឹង និងមានការចូលរួមផ្សព្វផ្សាយបន្តពីសក្ដានុពល និងសេវាកម្មសហគមន៍អេកូទេសចរណ៍ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ធ្វើយ៉ាងណាបន្តឱ្យមាននិរន្តរភាព និងមានការទទួលខុសត្រូវ ដើម្បីជាជំនួយ និងតម្រង់ទិសដល់អ្នកអនុវត្តការងារទេសចរណ៍ ដូចជាសហគមន៍អេកូទេសចរណ៍ និងការីអាជីវកម្ម សេវាកម្មទេសចរណ៍ក្នុងខេត្តស្ទឹងត្រែងឱ្យកាន់យល់ច្បាស់ និងស៊ីជម្រៅលើវិស័យទេសចរណ៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចូលរួមអំពាវនាវកៀរគរដល់អ្នកវិនិយោគក្នុងវិស័យទេសចរណ៍ អង្គការក្រៅរដ្ឋាភិបាល ផ្នែកសាធារណៈ វិស័យឯកជន ងាកមកចូលរួមចំណែកជួយដល់ខេត្តស្ទឹងត្រែង ដែលជាខេត្តមួយមានការទាក់ទាញភ្ញៀវទេសចរប្រចាំតំបន់ឦសាននេះផងដែរ។

លោក ជុក ជំនោរ បានឱ្យដឹងដែរថា ការពង្រីងសក្ដានុពលទេសចរណ៍ គឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ នាពេលបច្ចុប្បន្ន និងពេលអនាគត។ លោកបន្តថា ការរំលេចចេញនូវការបង្កើតឱ្យមានកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ គឺស្របទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ រយៈពេល៥ឆ្នាំ (២០១៤-២០១៨)។

លោក ជំនោរ ក៏មានលើកឡើងពីភាពជោគជ័យក្នុងការអនុវត្តការងារនានា នៅក្នុងសហគមន៍ទេសចរណ៍មួយចំនួនផងដែរ ដូចជាសហគមន៍អេកូទេសចរណ៍អារ៉ែង កោះទ្រុង ជីផាត់ជាដើម។

បើតាមលោកប្រធានមន្ទីរ អ៊ន់ ប៉ោសឿន ខេត្តស្ទឹងត្រែងមានតំបន់សក្ដានុពលទេសចរណ៍ធំៗចំនួន៤ ក្នុងនោះរួមមាន៖
១. តំបន់សក្ដានុពលទេសចរណ៍ក្នុងក្រុង និងជុំវិញក្រុង។
២. តំបន់សក្ដានុពលទេសចរណ៍តាមដងទន្លេមេគង្គ ព្រំប្រទល់ប្រទេសឡាវ ខេត្តព្រះវិហារ និងខេត្តក្រចេះ។
៣. តំបន់សក្ដានុពលទេសចរណ៍តាមដងទន្លេសេសាន។
៤. តំបន់ឧទ្យានជាតិវីរជ័យ និងទំនៀមទម្លាប់វប្បធម៌ប្រពៃណីជនជាតិ។

ទោះជាយ៉ាងណា សក្ដានុពលទេសចរណ៍នៅខេត្តស្ទឹងត្រែង ក៏ចាំបាច់ត្រូវការការចូលរួមផ្សព្វផ្សាយបន្ថែមពីសំណាក់ដៃគូនានា ដើម្បីឱ្យព័ត៌មានទាំងនោះបានទៅដល់ភ្ញៀវទេសចរផងដែរ ពិសេសគឺត្រូវការសហការជាមួយក្រុមហ៊ុន ឬភ្នាក់ងារទេសចរណ៍ បង្កើតកញ្ចប់ទស្សនកិច្ចជូនភ្ញៀងឱ្យទៅទស្សនាតំបន់ទេសចរណ៍ នៅខេត្តភាគឦសានប្រទេសកម្ពុជាមួយនេះ៕