(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នូវផ្លូវក្រាលគ្រួសក្រហម១ខ្សែ ប្រវែង២៨៣២ម៉ែត្រ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឃុំអូរប្រាសាទ នៅភូមិអូរប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមជាង៤០០០នាក់។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចក្រឡាហោម ស ខេង, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា ក្រោមគោលនយោបាយបក្ស និងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងការចូលរួមអនុវត្តគោលនយោបាយនេះ ពីបងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្មួយៗជាយុវជនយុវនារីទាំងអស់ ប្រទេសកម្ពុជាយើងទទួលបានសុខសន្តិភាព និងរីកចម្រើនលូតលាស់រុងរឿងបានដូចសព្ធថ្ងៃ ដែលយើងគ្រប់គ្នាបានឃើញ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់មហាគ្រួសារអ្នកបន្ទាយមានជ័យ ដែលបានចូលរួមថែរក្សា និងសូមបន្តថែរក្សានូវសន្តិភាពនេះឲ្យបានស្ថិតស្ថេរគង់វង្សដើម្បីបន្តកសាងសង្គមគ្រួសារ និងប្រទេសជាតិអោយកាន់តែរុងរឿងសំបូរសប្បាយ សូមបងប្អូនត្រៀមខ្លូនទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខឲ្យបានគ្រប់គ្នា។
ជាវប្បធម៌ចែករំលែក និងគិតគូរពីសុខទុក្ខ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកថវិកា សម្ភារ និងអំណោយចែកជូនមាន៖
ទី១៖ ប្រជាពលរដ្ឋចំនួន៤០០០នាក់ ម្នាក់ៗ ទទួលបានសារ៉ុង១
ទី២៖ មនុស្សចាស់ពីអាយុ៧០ឆ្នាំឡើង នៅឃុំអូរប្រសាទចំនួន៣៧៦នាក់ ក្នុងម្នាក់ៗ ទទួលបាន៖ ថវិកា២ម៉ឺនរៀល, សារ៉ុង១, កំសៀវដាំទឹកក្ដៅ, មី, ពិល, ទឹកដោះគោ, ប្រេងកូឡា, ប្រេងខ្យល់, ស្ករស អំបិលអ៊ីយ៉ូតតែ, កៅអៀក ។ ល។
ទី៣៖ សាលាឃុំអូរប្រាសាទ ថវិកា១លានរៀល
ទី៤៖ មណ្ឌលសុខភាពឃុំអូរប្រាសាទ ថវិកាចំនួន៥០ម៉ឺនរៀល
ទី៥៖ សាលាអនុវិទ្យាល័យអូរស្ងួត ផ្តល់អគារសិក្សា១ខ្នង ៣បន្ទប់
ទី៦៖ សាលាបឋមសិក្សាភ្នំធំ ផ្តល់អគារសិក្សា១ខ្នង ៣បន្ទប់
ទី៧៖ ប្រគេនបច្ច័យកសាងវត្តប្រាសាទភ្នំធំ
ទី៨៖ ជួសជុលនិងកសាងផ្លូវក្នុងឃុំអូរប្រាសាទទាំងអស់
ទី៩៖ ចាក់ដី៣០ឡានជូនសាលាបឋមសិក្សាអូរប្រាសាទ៕