(ភ្នំពេញ)៖ តបតាមការក្រាបបង្គំទូលថ្វាយរបស់លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ប្រោសព្រះរាជទានឯកសណ្ឋានក្នុងពេលសវនាការជំនុំជម្រះ ក៏ដូចជាកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។

យោងតាមព្រះរាជក្រឹត្យដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ឯកសណ្ឋានរបស់ក្រុមប្រឹក្សាធម្មនុញ្ញក្នុងសវនាការជំនុំជម្រះ ឬកិច្ចប្រជុំពេញអង្គ គឺអាវផាយគ្របពីលើអាវកុតពណ៌ខ្មៅ ឡេវមាសត្រាព្រះរាជសង្ហា ខោងជើងវែងពណ៌ខ្មៅ ស្បែកជើងឃ្លុបកខ្លីពណ៌ខ្មៅ សម្រាប់ប្រធាន ឬសមាជិកក្រុមប្រឹក្សាជាបុរស។ សម្រាប់ប្រធាន ឬសមាជិកក្រុមប្រឹក្សាធម្មនុញ្ញជានារីវិញ មានអាវកុតពណ៌ខ្មៅ ឡេវមាសត្រាព្រះរាជសង្ហា សំពត់សំឡុយពណ៌ខ្មៅ ស្បែកជើងអេស្កាបុ័ងពណ៌ខ្មៅ។

អង្គព្រះមហាក្សត្រក៏បានប្រោសព្រះរាជទានឯកសណ្ឋានសម្រាប់គណៈលេខាធិការនៃសវនាការជំនុំជម្រះ ឬកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។ ក្នុងនោះសម្រាប់លេខាធិការ ឬជំនួយការលេខាធិការជាបរុស មានអាវផាយគ្របពីលើអាវកុតពណ៌ដូចពណ៌សំបកផ្លែមង្ឃុត ឡេវមាសត្រាព្រះរាជសង្ហា ខោជើងវែងពណ៌ដូចពណ៌អាវ ស្បែកជើងឃ្លុបកខ្លីពណ៌ខ្មៅ។ សម្រាប់លេខាធិការ ឬជំនួយការលេខាធិការជានារីវិញ ប្រើឯកសណ្ឋានអាវកុតពណ៌ដូចពណ៌សំបកផ្លែមង្ឃុត ឡេវមាសត្រាព្រះរាជសង្ហា សំពត់សំឡុយពណ៌ដូចពណ៌អាវ ស្បែកជើងអេស្កាបុ័ងពណ៌ខ្មៅ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញ គឺជា​ស្ថាប័ន​កំពូល​មួយ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ សម្រាប់​ការពារ​ការគោរព​រដ្ឋ​ធម្មនុញ្ញ បកស្រាយ​រដ្ឋធម្មនុញ្ញ និងច្បាប់​ ដែល​រដ្ឋសភា​បានអនុម័ត និង ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់សព្វគ្រប់​ហើយ និង សម្រេច​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការបោះ​ឆ្នា​ត​ជ្រើសតាំង​តំណាងរាស្ដ្រ និង​ការបោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ។

ក្រុមប្រឹក្សាធម្មនុញ្ញចាប់ដំណើរការពេញលក្ខណៈនៅថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ១៩៩៨។ សមាសភាព​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ប្រធាន ១ រូប និង​សមាជិក​ចំនួន ៨រូប។

ប្រធាន​ត្រូវបានជ្រើសតាំងតាមការបោះឆ្នោត​ ដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ តាមមតិភាគច្រើនដាច់ខាត​រៀងរាល់បីឆ្នាំម្តង ក្រោយ​ពីសមាជិកថ្មី ៣រូបចូលកាន់តំណែង។ ប្រធាន​មាន​ឋានៈ និង​បុព្វសិទ្ធិ​ស្មើនឹង​ប្រធានរដ្ឋសភា។ សមាជិក​មាន​ឋានៈ និង​បុព្វសិទ្ធិ​ស្មើនឹង​អនុប្រធានរដ្ឋសភា។

ជាធម្មតា​អាណ​ត្ដិ​របស់​សមាជិក​គឺ ៩ឆ្នាំ ប៉ុន្ដែ​សមាជិក​ចំនួន ៣រូប ត្រូវបាន​ជ្រើសតាំង ឬ​តែងតាំង​រាល់​បី​ឆ្នាំ​ម្ដង។ ក្នុង​អាណ​ត្ដិ​ទី១ ត្រូវបានតែងតាំង ឬ​ជ្រើសតាំង​សមាជិក​ ៣រូបសម្រាប់បីឆ្នាំ ៣រូប សម្រាប់ប្រាំមួយឆ្នាំ និង ៣រូប សម្រាប់ប្រាំបួនឆ្នាំ។


សមាជិក ៣រូប​តែងតាំង​ដោយព្រះមហាក្សត្រ​ផ្ទាល់ ៣រូប ជ្រើសតាំង​ដោយ​រដ្ឋសភា និង ៣រូប​ទៀត ជ្រើសតាំង​ដោយ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម។ សមាជិក​ទាំងអស់​ត្រូវ​បានតែងតាំង ឬ ជ្រើស​តាំងពី​ចំណោមឥស្សរជន ដែលមាន​ស​ញ្ជា​តិ​ខ្មែរ​ពី​កំណើត មាន​អាយុ​យ៉ាងតិច ៤៥ឆ្នាំ មានបទពិសោធន៍​ការងារ ​យ៉ាងតិច ១៥ឆ្នាំ និង មាន​សញ្ញាបត្រឧត្ដមសិក្សា​ឡើងទៅក្នុង​វិស័យ​ច្បាប់ រដ្ឋបាល ការទូត និង សេដ្ឋកិច្ច។

ជាគោលការណ៍ ក្រុមប្រឹក្សាធម្មនុញ្ញ​មិនអាច​យក​បញ្ហា​ណាមួយ​មក​ពិនិត្យ​ដោយ​ខ្លួនឯង​បានឡើយ។ មានតែព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ដ្រី សមាជិក​ព្រឹទ្ធសភា​មួយ​ភាគ​បួន និងតំណាងរាស្ដ្រ​មួយ​ភាគ​ដប់ ឬ​តុលាការ​ប៉ុណ្ណោះ ដែល​អាច​សុំ​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពនៃ​ច្បាប់​បាន។ ប្រជារាស្ដ្រ និង​គណបក្សនយោបាយ​អាចលើកសំណើ ឬ​ ប្ដឹងទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​តាម​លក្ខខណ្ឌ ដែលមាន​ចែងក្នុងរដ្ឋធម្មនុញ្ញ៕

ឯកសណ្ឋានសម្រាប់ប្រធាន និងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ

ឯកសណ្ឋានសម្រាប់លេខាធិការ ឬជំនួយការលេខាធិការ