(ភ្នំពេញ)៖ លោក ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រួលភាពងាយស្រួលដល់វិស័យឯកជន ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមវិនិយោគលើវិស័យអប់រំ ជាពិសេសវិស័យឧត្តមសិក្សានេះ ក៏បានចូលរួមចំណែកឱ្យមាន ការអភិវឌ្ឍធនធានមនុស្ស បានយ៉ាងឆាប់រហ័សទាំងបរិមាណ និងគុណភាព។
លោក ឡៅ ឈីវអ៊ាវ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិត បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃវិទ្យាស្ថាន ស៊ីតិច នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ។ មន្ត្រីជាន់ខ្ពស់រូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖ «ទទ្ទឹមនេះគោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចុះ ដើម្បីឱ្យឯកជនចូលរួមវិនិយោគលើវិស័យអប់រំ ជាពិសេសឧត្តមសិក្សានេះ ក៏បានចូលរួមចំណែកឱ្យមានការអភិវឌ្ឍ ធនធានមនុស្សបានយ៉ាងរហ័សទាំងបរិមាណ និងគុណភាព»។
លោក ឡៅ ឈីវអ៊ាវ បានបន្តថា កាលពីអតីតកាលកម្ពុជា ទទួលនូវភាពខ្លោចផ្សារដោយសារភ្លើងសង្គ្រាមធ្វើឱ្យព្រាត់ប្រាស់ក្រុមគ្រួសារ ប្រពន្ធកូន ធ្វើឱ្យយុវជនមិនទទួលបានការអប់រំ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ក្រោមការដឹកនាំផ្សះផ្សាយជាតិរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព ពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យបានអប់រំ មានការរីកចម្រើនយ៉ាងឆាប់ ដែលបានចូលរួមចំណែកអភិធនធានមនុស្ស និងវិស័យសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។
ជាមួយគ្នានេះ សសរស្តម្ភទាំងប្រាំ ដែលអង្គសន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ បានដាក់ចុះឱ្យអនុវត្តបន្តក្នុងារធ្វើកំណែទម្រង់រួមមានទី១៖ ការអនុវត្តផែនការសកម្មភាពនយោបាយគ្រូបង្រៀន, ទី២៖ ការពិនិត្យឡើងវិញ កម្មវិធីសិក្សា សៀវភៅគោល និងកែលម្អបរិស្ថានសិក្សា, ទី៣៖ ការដាក់ឱ្យអនុវត្តអធិការកិច្ច, ទី៤៖ ការពង្រឹងរង្វាយតម្លៃសិក្សាដូចជា ការប្រឡង រង្វាយតម្លៃថ្នាក់ជាតិ តំបន់ និងអន្តរជាតិ និងទី៥៖ ការកែទម្រង់ឧត្តមសិក្សា។
ទទ្ទឹមនឹងនេះលោក រ៉ិចគី លី នាយកវិទ្យាស្ថានស៊ីតិច បានថ្លែងថា ចាប់តាំងពីបង្កើតឡើងនៅក្នុងឆ្នាំ២០០២ រហូតមកដល់ពេលនេះ មាននិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន១២៨នាក បរិញ្ញាបត្រចំនួន៤០៦០នាក់ និងបរិញ្ញាបត្ររងចំនួន២៦២នាក់ បានបញ្ចប់ការសិក្សា។
បច្ចុប្បន្ននេះផងដែរ និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៥០នាក់ និស្សិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររងចំនួន២១៦១នាក់ កំពុងបន្តការសិក្សារបស់ខ្លួន ក្រោមការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ពីបុគ្គលិកសិក្សាចំនួន៨៨នាក់ និងជំនួយការបុគ្គលិកការិយាល័យ និងគណៈគ្រប់គ្រងសាលាចំនួន៤១នាក់ ផងដែរ៕