(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្រ្តីសាលាខណ្ឌ ចៅសង្កាត់ និងលោកនាយកវិទ្យាល័យច្បារអំពៅ ចុះចែកវចនានុក្រមអេឡិចត្រូនិច និងសម្ភារសិក្សាជាច្រើនមុខទៀត ដល់សិស្សានុសិស្សរៀនពូកែ និងសិស្សក្រីក្រមកពីបណ្តាសង្កាត់ទាំង៨ និងសិស្សវិទ្យាល័យច្បារអំពៅ ចំនួន៣០០នាក់ នៅវិទ្យាល័យច្បារអំពៅ និងអំពាវនាវឱ្យសិស្សានុសិស្សខិតខំសិក្សារៀនសូត្រ និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន។
នៅក្នុងឱកាសនោះ លោកអភិបាលខណ្ឌច្បារអំពៅ បានថ្លែងថា អំណោយជាសម្ភារសិក្សាខាងលើនេះ ជាការជួយឧបត្ថម្ភរបស់ធនាគារកាឌីយ៉ា ក.អ ដើម្បីរួមចំណែកមួយផ្នែក ដល់ឪពុកម្តាយ និងអាណាព្យាបាលរបស់សិស្ស ក្នុងការចំណាយលុយទិញសម្ភារទាំងអស់នេះ។
លោក ចេង មុនីរ៉ា ក៏បានថ្លែងបង្ហាញពីការយកចិត្តទុកដាក់គិតគូររបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេច តែងតែបានគិតគូរ ពង្រឹកបន្ថែមតាមរយៈយន្តការ កែទម្រង់ របស់ក្រសួងអប់រំ ឃើញថា ការប្រឡងប្រជែងនៅតាមគ្រឹះស្ថានឧត្តមសិក្សា ពិសេសការប្រឡងទុតិយភូមិឃើញថា គុណភាពចំណេះដឹង។
ជាមួយគ្នានេះ អភិបាលខណ្ឌ បានផ្តាំផ្ញើដល់សិស្សានុសិស្ស ត្រូវប្រឹងប្រែងរៀនសូត្រ ដើម្បីកសាងខ្លួនឱ្យក្លាយជាមន្រ្តីរាជការ ជាអ្នកជំនួញដ៏ល្អ ជាអ្នកមានទ្រព្យសម្បត្តិ។ ប្អូនៗ ក្មួយៗ មិនត្រូវផ្តេកផ្តួល ទៅតាមកម្មផល ហើយមិនត្រូវគិតថាទាល់តែយើងមានធនធានមានឪពុក ម្តាយ ចាំបីបាច់ថែរក្សាទំនុកបំរុងលុយកាក់ ទើបខ្លួនយើងអាចក្លាយជាមន្រ្តីរាជការ ជាអ្នកមានមុខមាត់នៅក្នុងសង្គមនោះទេ។ ចំណេះដឹងរបស់ក្មួយៗ ត្រូវបានរាជរដ្ឋាភិបាល មិនមើលរំលងនោះទេ គឺដូចក្មួយៗអ្នកមានឪពុកម្តាយគ្រប់គ្រងអីចឹងដែរ។
បន្ថែមពីនោះ លោកបានស្នើឱ្យក្មួយប្រឹងប្រែង សិក្សារៀនសូត្រក្រេបជញ្ចក់យកទាំងចំណេះដឹង ចំណេះធ្វើមកដាក់ក្នុងខ្លួនឱ្យបានច្រើនព្រោះនៅលើលោកនេះ ក្នុងខ្លួនមនុស្សម្នាក់ៗ គ្មានអ្វីអស្ចារ្យក្រៅពីចំណេះវិជ្ជានោះឡើយ ម្យ៉ាងមួយទៀតក្មួយៗទាំងអស់ គឺជាសសរទ្រូងប្រទេសជាតិ ជាអ្នកមើលថែប្រទេសជាតិ ឱ្យរីកលូតលាស់កាន់តែខ្លាំងទៅថ្ងៃមុខនាពេលបច្ចុប្បន្ន។ លើសពីនេះ លោកបានអំពាវនាវឱ្យក្មួយៗ ត្រូវជៀសឆ្ងាយពីគ្រឿងញៀន និងក្រុមសង្គមងងឹតផងដែរ ។
លោក ចេង មុនីរ៉ា បានអំពាវនាវឱ្យសិស្សានុសិស្សទាំងអស់ ជាពិសេសសិស្សថ្នាក់ទី១២ ដែលជាឆ្នាំប្រឡងបញ្ចប់វិទ្យាល័យ មិនត្រូវដើរលេង ច្រើននោះទេ និងមិនត្រូវលេងហ្គេម នៅពេលសិក្សាឡើយ ពោលត្រូវខិតខំរៀនសូត្រឱ្យបានខ្លាំង។ នៅពេលប្អូនខិតខំរៀនសូត្រ ប្អូនមានចំណេះដឹង ប្អូនប្រឡងជាប់ ហើយពិសេសនៅពេលប្អូនប្រឡងជាប់ ប្អូនទទួលបានការលើកទឹកច្រើនណាស់ពីរាជរដ្ឋាភិបាល ពីវិស័យឯកជននានា ហើយអ្វីដែលប្អូនទទួលបានមុនគេ គឺចំណេះដឹង សម្រាប់ប្អូនឈោងទៅចាប់យកអាជីពផ្សេងៗ តាមជំនាញរបស់ប្អូនដើម្បីចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិយើងដូចសព្វថ្ងៃនេះ៕