(កំពង់ចាម)៖ លោក ឡាវ វ៉ាន់ សមាជិកគណៈកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាធាយ ទទួលបន្ទុកលើការងារយុវជន អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលអ្នកសង្កេតការណ៍ ចំនួន២១០រូប ដើម្បីមានពុទ្ធិ និងចំណេះធ្វើសម្រាប់ចូលរួមសកម្មភាព នៃការបោះឆ្នោតនៅខែកក្កដាខាងមុខ។
ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពី តំណាងក្រុមគ្រូឧទ្ទេសនៃយុវជនថ្នាក់ខេត្ត និងថ្នាក់ស្រុក ព្រមទាំងសមាជិក សមាជិកាឆ្នើមៗ ជាច្រើនរូបផ្សេងទៀត។
ថ្លែងក្នុងឱកាសនោះ លោក ឡាវ វ៉ាន់ បានផ្ដាំផ្ញើឲ្យសិក្ខាកាមទាំងអស់ ត្រង់ត្រាប់ទទួលនូវការផ្ទេរចំណេះវិជ្ជា និងក្លាហ៊ានសាកសួរគ្រូឧទ្ទេស ចំពោះចំណុចណាដែលនៅមិនទាន់យល់ច្បាស់ ហើយលោជូនពរឲ្យវគ្គសិក្សានេះទទួលបាននូវផ្លែផ្កាដ៏ត្រចេះត្រចង់។
បើតាមលោក ឡាវ វ៉ាន់ មានតែគណបក្សប្រជាជនកម្ពុជាតែមួយ ដែលនឹងធ្វើឲ្យជាតិកម្ពុជា គង់វង្សឋិតថេរធានាបាននូវការអភិវឌ្ឍ ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ ហើយជាលទ្ធផលប្រជាពលរដ្ឋទទួលបាននូវភាពសម្បូរសប្បាយរុងរឿងឧត្តុង្គឧត្តមថ្លៃថ្លា៕