(បាត់ដំបង)៖ ក្រុមការងារក្រសួងយុត្តិធម៌ ដែលមានលោក អង្គ វង្ស វឌ្ឍនា ជាប្រធានគណៈពង្រឹង នៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៨នេះ តំណាងដោយលោក ហួត ឈួរ បានរៀបចំកម្មវិធីជួបជុំសំណេះសំណាលជាមួយចាស់-ព្រឹទ្ធាចារ្យ សិស្សានុសិស្ស ក្នុងភូមិដែលមានជីវភាពខ្វះខាត ចំនួន២០០នាក់ ស្ថិតក្នុងភូមិជ្រៃរុន ឃុំឫស្សីក្រាំង ស្រុក
មោងឫស្សី ខេត្តបាត់ដំបង។
ក្រោយការសំណេះសំណាលក្រុមការងារគណៈពង្រឹង បានផ្តល់ជាអំណោយមនុស្សធម៌ ជូនដល់ពួកគាត់ក្នុងម្នាក់ៗ ទទួលបានសារ៉ុងមួយ ក្រម៉ាមួយ ទឹកប្រាក់៥០០០រៀល និងបានរៀបចំអាហារសាមគ្គី ដើម្បីបញ្ជាក់ពីការគោរព ស្រលាញ់ចាស់ ព្រឹទ្ធាចារ្យ បង ប្អូន នៅក្នងភូមិកាន់ស្និទស្នាលថែមទៀត។
លោក ហួត ឈួរ លើកឡើងថា ឱកាសដែលបានមកជួបជុំគ្នានេះ គឺស្របពេលដែលប្រទេសជាតិ កំពុងមានសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យដូចជា ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន សាលារៀនមន្ទីរពេទ្យ ដែលបានដើរតួយ៉ាងសំខាន់ក្នុងសហគមន៍របស់ពួកគាត់ ហើយកាយវិការមនុស្សធម៌របស់ក្រុមការងារនេះ គឺធ្វើឡើងជាបន្តបន្ទាប់តាមកម្មវិធីដែលបានគ្រោងទុក។
តំណាងលោក អង្គ វង្ស វឌ្ឍនា ក៏បានរំលឹកដល់លោកតា លោកយាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាប្រមុខដឹកនាំប្រទេស ដែលសម្តេចបានបូជា កម្លាំង ប្រាជ្ញា និងពលិកម្មគ្រប់បែបយ៉ាង ដើម្បីនាំមកទាំងលំបាក តាំងពីស្ថានភាពប្រទេស ដែលខ្ទេចខ្ទីរញាំញី ដោយសារសង្គ្រាមដ៍រ៉ាំរ៉ៃ រាប់ទស្សវត្តមួយនេះឲ្យទទួលបានមកវិញនូវសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយហើយអនុសាសន៍សម្តេច គឺគ្រប់កាលៈទេសៈរាជរដ្ឋាភិបាល មិនទុកឲ្យពលរដ្ឋណាម្នាក់អត់ឃ្លានរហូតបាត់បង់ជីវិត, មន្ត្រី និងពលរដ្ឋ គឺរួមសុខ រួមទុក្ខជាមួយគ្នា ដាច់ខាតមិនរត់ចោលស្រុកយករួចខ្លួនឡើយ។
លោកក៏បានបន្តថ្លែងអណរគុណដល់ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានផ្តល់ជំនួយគំនិតស្មារតី ព្រមទាំងសម្ភារ ថវិកាមួយដល់ក្រុមការងារ ដើម្បីចុះជួបនឹងបន្តការងារជួយមូលដ្ឋាន ភូមិជ្រៃរុន ឃុំឫស្សីក្រាំង ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង សម្រេចបានជោគជ័យ៕