(អូតាវ៉ា)៖ ប៉ូលិសកាណាដា កំពុងបើកការស៊ើបអង្កេតទៅលើសារគំរាមធ្វើឃាត ចំពោះឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសនេះ ព្រមទាំងទៅលើសារធាតុម្សៅពណ៌សគួរឲ្យសង្ស័យមួយ ដែលត្រូវផ្ញើបញ្ជូនទៅកាន់គេហដ្ឋានរបស់លោកស្រី នៅរដ្ឋធានីអូតាវ៉ា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨។
បើតាមសារអ៊ីម៉ែលមួយ ដែលត្រូវបានផ្ញើជូនដំណឹងដល់បុគ្គលិកស្ថានទូតខាងលើទាំងអស់ ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោយពីប្រធានគ្រប់គ្រងសាររបស់ស្ថានទូតបានប្រទះឃើញ សារធាតុម្សៅពណ៌សគួរឲ្យសង្ស័យ នៅអំឡុងពេលត្រួតពិនិត្យសំបុត្រមួយច្បាប់ ដែលមានអាស័យដ្ឋាន ផ្ញើទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកាណាដា គឺលោកស្រី ឃែលលី ក្រាហ្វត៍ (Kelly Craft)។
ក្រៅនេះសារធាតុនេះសំបុត្រខាងលើនេះ ក៏មានភ្ជាប់មកជាមួយនូវខ្លឹមសារគំរាមកំហែងដល់អាយុជីវិត របស់លោកស្រីឯកអគ្គរដ្ឋទូតផងដែរ ប្រសិនបើលោកស្រី មិនព្រមលាលែងពីតំណែងទេនោះ។ ម៉្យាងវិញទៀត សំបុត្រនេះក៏បានព្រមានដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថែមទៀតផង។
គួរជម្រាបថា ភាពតានតឹងផ្នែកការទូតបានកើនឡើងកម្តៅខ្លាំង រវាងកាណាដា និងសហរដ្ឋអាមេរិក បន្ទាប់ពីលោក ដូណាល់ ត្រាំ បានសម្រេចបង្កើនពន្ធលើផលិតផលដែកថែប និងអាលុយមីញ៉ូមរបស់កាណាដា និងបានពោលពាក្យវាយប្រហារដោយផ្ទាល់ទៅលើនាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau)៕