(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ ព្រះអង្គឌួង ចុះមកពិនិត្យព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
រដ្ឋមន្ត្រីម៉ម ប៊ុនហេង បានថ្លែងថា នៅថ្ងៃនេះយើងមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលមានពិនិត្យព្យាបាលនូវ ជំងឺទូទៅ សេវាពិនិត្យពិគ្រោះព្យាបាលភ្នែក ច្រមុះបំពង់ករ ពិនិត្យជំងឺត្រចៀក មាត់ធ្មេញ និងផ្តល់វ៉ែនតា ជាដើម ។ ដែលនេះជាផ្នែកមួយ នឹងជួយលើកម្ពស់សុខភាពប្រជាពលបានកាន់តែល្អ ពេលដែលយើងយកវិស័យសុខាភិបាលនេះ មកក្បែរផ្ទះរបស់បងប្អូន ។
ទន្ទឹមនឹងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ការបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យចេះថែរក្សាសុខភាពឱ្យបានល្អ និង ត្រូវរួសរាន់ទៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យឱ្យបានទាន់ពេលវេលាក្នុងករណីដែលមានជំងឺឈឺស្កាត់ផ្សេងៗ តាមរយៈការជួបពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ ។
លោកសាស្ដ្រាចារ្យ បានថ្លែងបញ្ជាក់ផងដែរ «ការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺផ្តល់ការព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការ នយោបាយ ឫសាសនា ប្រមូលកម្លាំងស្ម័គ្រចិត្ត ចូលរួមធ្វើសកម្មភាពមនុស្សធម៌ និងបណ្តុះបណ្តាលធនធានមនុស្ស ផ្តល់ជំនាញដល់និស្សិតពេទ្យ ឲ្យមានជំនាញបន្ថែម។ ចំពោះ សកម្មមនុស្សធម៌នេះ គឺដើម្បីបង្ខិតសេវាសុខាភិបាល និងសកម្មភាពមនុស្សធម៌ ឱ្យគៀកដល់បងប្អូនប្រជាពលរដ្ឋ តាមសហគមន៍ និងដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ លើសពីនេះ ក្រុមការងារយើង នឹងបន្ដព្យាបាលដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ នៅខែក្រោយៗទៀត» ។
សូមជម្រាបថា ការចុះអប់រំសុខភាព និងផ្តល់សេវាសុខភាពទូទៅជូនពលរដ្ឋដល់សហគមន៍នេះ មិនមែនជាលើកទី១ទេ គឺបានចុះស្ទើរតែរៀងរាល់ខែ ព្យាបាលមិនទាន់ជាហើយ និងបន្ដបញ្ជូនអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យ ដើម្បីតាមដានពិនិត្យព្យាបាលដោយឥតគិតថ្លៃបន្ថែមទៀតផងដែរ ៕