ប្រកាសបញ្ចូលសមាជិក CPP ជិត៧០០នាក់ នៅឃុំរាប ខេត្តព្រៃវែង, លោក ជួន សុវណ្ណ ថានេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីចូលរួមរក្សាសន្ដិភាព និងបន្ដការអភិវឌ្ឍ
16-06-2018 09:29
(ព្រៃវែង)៖ លោក ជួន សុវណ្ណ អនុប្រធានក្រុមការងារចុះជួយស្រុកពារាំង និងជាប្រធានក្រុមការងារចុះជួយ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន៦៨៩នាក់ ស្រី៤១២នាក់ នៅក្នុង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។
ថ្លែងក្នុងឱកាសនោះ លោក ជួន សុវណ្ណ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាស្នូលនៃការដឹកនាំកន្លងមក ដែលបានធ្វើឲ្យប្រទេសជាតិ ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ដូចជាផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី សាលារៀនជាដើម ដែលមិនមានគណបក្សណាធ្វើបាននោះទេហើយ ក៏មិនអាចជាប់បានដែរ នេះគឺដោយសារមានការដឹកនាំ និងមានផែនការច្បាស់លាស់ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដូច្នេះត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៅទៀត ដោយទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០។
បន្ថែមពីនេះ លោក ជួន សុវណ្ណ បានសំដែងនូវការស្វាគមន៍ចំពោះវត្តមានអតីតសមាជិគគណបក្សប្រឆាំង និងគណបក្សផ្សេងទៀត ដែលបានគិតត្រូវសម្រេចចិត្តត្រូវ វិលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ បន្ទាប់ពីបានដើរខុសមួយរយៈដោយសារការចាញ់បោកការឃោសនាបោកប្រាស់។
លោក ជួន សុវណ្ណ បានលើកឡើងទៀតសុខសន្តិភាព ដែលមានសព្វថ្ងៃនេះ គឺកើតឡើងដោយលំបាកណាស់ កើតឡើងដោយការលះបង់ របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលបានដឹងគ្រប់ៗគ្នា តាមរយៈប្រវត្តិសាស្ត្រថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានរំដោះប្រជាពលរដ្ឋ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍៕