(ភ្នំពេញ)៖ ក្នុងទិវាដ៏មហាអភិរម្យមង្គលដ៏វិសេសថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨២ យាងចូល ៨៣ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៦ កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមព្រះរាជានុញ្ញាតក្រាបបង្គំថ្វាយព្រះសព្ទសាធុការពរបវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ប្រកបដោយមនោសញ្ចេតនាកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ។
ព្រះរាជមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌វិសេសវិសាលនៃ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គតែងតែបានប្រោសព្រះរាជូបត្ថម្ភថវិកាទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជារាស្រ្តកម្ពុជា ជនងាយរងគ្រោះ និងជនរងគ្រោះដោយមហន្តរាយផ្សេងៗ ។ ព្រះរាជលំអានដ៏ប្រសើរថ្លៃថ្លានៃ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានបូជាព្រះកាយពល បំពេញព្រះរាជកិច្ចដ៏ឧត្ដុង្គឧត្ដមយាងដង្ហែ ព្រះករុណា ព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបូជនីយកិច្ចជាប្រវត្តិសាស្រ្តដ៏គួរឲ្យស្ញប់ស្ញែង ដើម្បីឯករាជ្យជាតិ បូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពជាតិក្នុងគ្រប់វិស័យហើយដែលនេះ ជាព្រះគំរូវីរ:ភាពនៃមាគ៌ាដឹកនាំដ៏ត្រចះត្រចង់គ្មានអ្វីប្រៀបផ្ទឹមបានឡើយ ។ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា មានសេចក្ដីសោមនស្សរីករាយឥតឧបមាដែលបានរស់នៅ និងបំពេញបេសកកម្មមនុស្សធម៌ក្រោមម្លប់ដ៏ត្រជាក់ និងសូមដង្ហែតាមព្រះរាជគន្លងនៃព្រះរាជវីរៈគំរូមនុស្សធម៌នៃ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជាប្រទីបបំភ្លឺផ្លូវដល់ការបន្តពង្រឹងពង្រីក ប្រមូលផ្ដុំកម្លាំងមនុស្សធម៌ឲ្យបានរីកដុះដាលថែមទៀត ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំម្ចាស់ សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះបារមីនៃអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះបារមី ព្រះករុណា ព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សា ឆ្នាំច សំរឹទ្ធស័ក ព្រះនាម មហោទរាទេវី សូមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ និងសូមព្រះអង្គទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លា ទាំងបួនប្រការគឹ អាយុ វណ្ណៈ សុខៈ ពលៈ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្តកម្ពុជា ទូទាំងប្រទេស ជាដរាបតរៀងទៅ ។