(ស្ទឹងត្រែង)៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ កាន់តែខិតជិតចូលមកដល់ហើយនោះ កម្លាំងសមត្ថកិច្ចទូទាំងប្រទេស បាននិងកំពុងតែត្រៀម យ៉ាងយកចិត្ដទុកដាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ សម្រាប់ដំណើរការបោះឆ្នោតដ៏ធំមួយនេះ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
ជាក់ស្ដែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រកាសថា កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានត្រៀមខ្លួនជាសម្រេច និងប្ដេជ្ញាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋឲ្យខាងតែបាន ក្នុងដំណើរការព្រឹត្តិការណ៍បោះឆ្នោតដ៏ធំមួយនេះ។
បើតាមលោកឧត្តមសេនីយ៍មេបញ្ជាការ ការប្ដេជ្ញាការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនេះ ធ្វើឡើងឲ្យស្របតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងបទបញ្ជាយ៉ាងដាច់ណាត់ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ការថ្លែងយ៉ាងដូច្នេះរបស់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ត្រូវបានធ្វើឡើង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៨ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីសំណាក់ នាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ច្រើនរូបផងដែរ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បានណែនាំដល់កម្លាំងទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារ យកចិត្តទុកដាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ហើយត្រូវតែក្ដោបក្ដាប់សភាពការណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ហើយប្រសិនមានសភាពការណ៍ ឬចលនាញុះញង់ណាមួយកើតឡើង ត្រូវតែរាយការណ៍ជូនថ្នាក់លើជាបន្ទាន់ផងដែរ ដើម្បីមានវិធានការណ៍។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នឹងត្រូវប្រព្រឹត្ដិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយមានគណបក្សនយោបាយ ចំនួន២០ដែលបានចុះឈ្មោះចូលរួមប្រកួត។ ដោយឡែក រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមកម្លាំងសមត្ថកិច្ច ជាង៥ម៉ឺននាក់ ដើម្បីការបោះឆ្នោតដ៏ធំមួយនេះ ដោយក្នុងនោះ កម្លាំងនគរបាល, កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ៕