(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ចប់ការបណ្ដុះបណ្ដាលមន្ត្រីរាជការក្រោមឱវាទរបស់ខ្លួនចំនួន ៥០នាក់ ស្ដីពីការគ្រប់គ្រងប្រសិទ្ធភាពការងាររ ដែលពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោមអធិបតីភាពលោក គង់ សូលីដា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងទេសចរណ៍។
ក្នុងឱកាសនោះ លោផក គង់ សូលីដា បានបញ្ជាក់ថា ការបណ្តុះបណ្តាលពង្រឹងសមត្ថភាព គឺជារឿងចាំបាច់សម្រាប់មន្ត្រីរាជការគ្រប់រូប ដើម្បីអភិវឌ្ឍសមត្ថភាពឲ្យស្របតាមការរីកចម្រើនក្នុងតំបន់ និងសកលលោក។ ការបណ្តុះបណ្តាលធនធានមនុស្សរបស់រដ្ឋ គឺជាការងារអាទិភាពមួយដែលអាចប្រែក្លាយធនធានមនុស្សក្នុងវិស័យសាធារណៈ ឲ្យកាន់តែមានសមត្ថភាព មានវិជ្ជាជីវៈ និងបំពេញការងារប្រកបដោយប្រសិទ្ធភាព និងផលិតភាព។
លោកបានដាស់តឿនដល់សិក្ខាកាមថា ក្នុងនាមជាមន្រ្តីរាជការទាំងអស់ ត្រូវតែខិតខំបន្តជំរុញការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យមានជំនាញវិជ្ជាជីវៈច្បាស់លាស់ មានភាពច្នៃប្រឌិត និងមានការយកចិត្តទុកដាក់ទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន មានស្មារតីសាមគ្គីភាព មានឆន្ទៈចូលរួមក្នុងសកម្មភាព ពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ជាពិសេសបន្តធ្វើទំនើបកម្មអភិវឌ្ឍសមត្ថភាពរបស់ខ្លួន តាមរយៈការពង្រឹង ការងារស្រាវជ្រាវបន្ថែម ជាពិសេសត្រូវយល់ដឹងឲ្យកាន់តែស៊ីជម្រៅពីការប្រើប្រាស់សិទ្ធិ និងកាតព្វកិច្ចជាមន្ត្រីរាជការក្នុងបរិបទដែលត្រឹមត្រូវ ដោយប្រកាន់ខ្ជាប់នូវវិន័យការងារឲ្យបានច្បាស់លាស់ និងអនុវត្តឲ្យបានហ្មត់ចត់ ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពការងារក្នុងអង្គភាព និងស្ថាប័ន។
ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងប្រសិទ្ធភាពការងារនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់សិក្ខាកាមទាំងអស់ ឲ្យយល់ដឹងពីរចនាសម្ព័ន្ធក្រសួងទេសចរណ៍ នីតិមុខងារសាធារណៈ និងក្រមសីលធម៌មន្ត្រីរាជការ គោលការណ៍គ្រប់គ្រង និងកំណែទម្រង់ការអនុវត្ត ការគ្រប់គ្រងវិវាទ និងដំណោះស្រាយ ប្រព័ន្ធគ្រប់គ្រងគុណផល ការងាររដ្ឋបាល (ការសំយោគ សង្ខេប និងសរុបរបាយការណ៍ របៀបធ្វើកំណត់ហេតុកិច្ចប្រជុំ កំណត់ទូត និងពិធីការការងារសម្រាប់កិច្ចប្រជុំជាដើម)។
លោកបានណែនាំបន្ថែមដល់សិក្ខាកាមពីការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ស្របតាមទស្សនទាន «សេវាមួយ ស្តង់ដាមួ», ការអភិវឌ្ឍធនធានមនុស្សស្របតាមទស្សនទាន «បុគ្គលិកម្នាក់ ជំនាញមួយ», ការពង្រឹងការឃោសនាផ្សព្វផ្សាយតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ, ការប្រើប្រាស់ប្រព័ន្ធពត៌មានវិទ្យា, ការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរ និងសន្តិសុខ សុវត្ថិភាពទេសចរ, កត្តាសំខាន់បំផុតគឺសន្តិភាព និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិ។
លោក ជា ចាន់ហេង ប្រធាននាយកដ្ឋានធនធានមនុស្ស នៃក្រសួងទេសចរណ៍ បានឱ្យដឹងដែរថា ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់មន្ត្រី ត្រូវមានយន្តការដូចខាងក្រោម៖
* ត្រូវបង្កើតឱ្យមានក្រុមប្រឹក្សាវិន័យនៅក្នុងអង្គភាព ដើម្បីគ្រប់គ្រងលំហូរការងារ។
* ត្រូវមានប្រព័ន្ធគ្រប់គ្រងគុណផល ដោយបែងចែកតួនាទី ភារកិច្ច និងពង្រាយមន្ត្រីឱ្យចំជំនាញ។
* ត្រូវកំណត់អំពីផែនការប្រចាំអង្គភាព សម្រេចឱ្យបាននូវការងារអាទិភាពរបស់អង្គភាព បង្កើនប្រសិទ្ធភាព និងផលិតភាពការងាររបស់មន្ត្រីម្នាក់ៗ ជំរុញឱ្យមន្ត្រីម្នាក់ៗបំពេញ ការងារអោយអស់់ពីសមត្ថភាព។
* បង្កើតវេទិកាពិភាក្សារវាងអ្នកគ្រប់គ្រងផ្ទាល់ជាមួយមន្ត្រីអំពីលក្ខខណ្ឌការងារ និងគុណផលដែលបានសម្រេចបាន។
* ផ្តល់ការលើកទឹកចិត្ត និងរង្វាន់ដល់មន្ត្រី និងអង្គភាពដែលមានគុណផលឆ្នើម។
* កំណត់ពីតម្រូវការជាក់ស្តែងក្នុងការអភិវឌ្ឍសមត្ថភាពឬបញ្ហាប្រឈមជាក់ស្តែងរបស់អង្គភាព៕