(ព្រះវិហារ)៖ លោក មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន៨៨៨នាក់ នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ។
នៅក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ព្រមទាំងអស់លោក ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្តចុះជួយស្រុករវៀង និងសមាជិកក្រុមការងារជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក មាស សុភា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេច ហេង សំរិន និងសម្តេចសាយ ឈុំ ដែលជាថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា របស់ជូនចំពោះអតីតសមាជិកគណបក្សប្រឆាំង ដែលបានគិតត្រូវវិលមករួមរស់ជា មួយគណបក្សប្រជាជនកម្ពុជាវិញ។
លោក មាស សុភា បានថ្លែងនូវក្តីមោទនភាពក្រៃលែង ដែលគណបក្សប្រជាជនកម្ពុជា ស្រុករវៀង ខេត្តព្រះវិហារ រហូតមកដល់ថ្ងៃនេះ បានទទួលសមាជិកអតីតគណបក្សប្រឆាំង និងគណបក្សផ្សេងទៀត រហូតមានចំនួន២,៧១៥នាក់ ដែលចំនួននេះ គឺពិតជាឆ្លើយតប និងការចង់បានដើម្បីទទួលបាននៅភាពជោគជ័យ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
លោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាស្នូលនៃការដឹកនាំកន្លងមក ដែលបានធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ដូចជាផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី សាលារៀនជាដើម ដែលមិនមានគណបក្សណាធ្វើបាននោះទេហើយ ក៏មិនអាចជាប់បានដែរ នេះគឺដោយសារមានការដឹកនាំ និងមានផែនការច្បាស់លាស់ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដូច្នេះត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៅទៀត ដោយទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០។
ដោយឡែក លោក អ៊ុន ចាន់ដា បានសំដែងនូវការស្វាគមន៍ចំពោះវត្តមានអតីតសមាជិគគណបក្សប្រឆាំង និងគណបក្សផ្សេងទៀត ដែលបានគិតត្រូវ សម្រេចចិត្តត្រូវ វិលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ បន្ទាប់ពីបានដើរខុសមួយរយៈដោយសារការចាញ់បោកការឃោសនាបោកប្រាស់។
លោក អ៊ុន ចាន់ដា បានលើកឡើងទៀតសុខសន្តិភាព ដែលមានសព្វថ្ងៃនេះ គឺកើតឡើងដោយលំបាកណាស់ កើតឡើងដោយការលះបង់ របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលបានដឹងគ្រប់ៗគ្នា តាមរយៈប្រវត្តិសាស្ត្រថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានរំដោះប្រជាពលរដ្ឋ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍៕