(ភ្នំពេញ)៖ ថ្លែងនៅក្នុងពិធីជួបជុំ «គ្រួសារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី» នៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នាមជ្ឈមណ្ឌលកោះពេជ្រ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានកិតិ្តយសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានលើកឡើងថា រូបលោកពិតជាថ្លែងអំណរគុណខ្លាំងណាស់ ចំពោះក្រុមគ្រូពេទ្យស្ម័គ្រទាំងអស់ សម្រាប់ទឹកពុះពារគ្រប់ឧបសគ្គ រួមទាំងការលះបង់វិជ្ជាជីវៈរបស់ខ្លួន ដើម្បីទៅព្យាបាលប្រជាជន នៅតាមតំបន់ប្រជុំជន និងទីដាច់ស្រយ៉ាល នៅតាមបណ្តារាជធានី និងខេត្ត។
លោក ហ៊ុន ម៉ានី បានថ្លែងថា «ក្នុងនាមខ្ញុំជាតំណាងរាស្ត្រ និងជាពលរដ្ឋមួយរូប គឺពិតជាថ្លែអំណរគុណជាខ្លាំង ក្នុងការលះបង់របស់លោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យទាំងអស់ ក្នុងដំណាក់ការបំពេញបេសកកម្ម អស់រយៈពេល៦ឆ្នាំកន្លងមក [...] នេះគឺជាការលះបង់ពេលវេលា ក្តីស្រឡាញ់ និងលះបង់វិជ្ជាជីវៈរបស់ខ្លួន ដែលមិនសុំទាមទារអ្វីមកវិញនោះទេ»។
លោកបន្តថា សា្មរតីចុះជួយព្យាបាលប្រជាពលរដ្ឋនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សង្គមជាតិទាំងមូល ហើយគំរូទាំងអស់នេះ នឹងជះឥទ្ធិពលដល់ក្មេងៗជំនាន់ក្រោយ ដែលជាគំរូដ៏ល្អមួយ មិនអាចកាត់ថ្លៃបាននោះទេ។
សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ។
សម្រាប់លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គចិត្ត លោក ហ៊ុន ម៉ានី ក៏បានលើកឡើងផងដែរថា កត្តាសុខសន្តិភាពនាពេលសព្វថ្ងៃនេះ កើតចេញពីថ្នាក់ដឹកនាំកំពូលដែលមាន សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំប្រទេស ហើយក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលមាននៅពេលសព្វថ្ងៃនេះ ក៏កើតចេញមកពីប្រទេសមានសុខសន្តិភាពផងដែរ។
ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរូបនេះបន្តថា លោក និងក្រុមគ្រូពេទ្យទាំងអស់ សូមបេជ្ញាបន្តចុះជួយព្យាបាលប្រជាពលរដ្ឋ នៅតាមនៅតាមបណ្តាខេត្តឲ្យកាន់តែសកម្មឡើងថែមទៀត ព្រោះចង់ឃើញប្រជាពលរដ្ឋមានសុខភាពល្អ ចៀសឆ្ងាយពីជំងឺគ្រប់ៗគ្នា។
សូមបញ្ជាក់ថារយៈពេល៦៦ខែ (២០១២-២០១៨) នេះជាឆ្នាំទី៦ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៣,១២៣នាក់ (បីពាន់មួយរយម្ភៃបីនាក់) ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៥០លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន៣១២,១៤៥នាក់ (សាមសិបមួយម៉ឺន ពីរពាន់ មួយរយសែសិបប្រាំ)៕