(សៀមរាប)៖ ប្រជាជនមួយចំនួនធំ ក្នុងភូមិពាម ខេត្តសៀមរាប នាពេលបច្ចុប្បន្ននេះ បានកំពុងពង្រីកការដាំដុះដំណាំប្រភេទដំឡូងដៃខ្លា ព្រោះដំណាំនេះកំពុងទទួលភាពជោគជ័យ និងលក់បានតម្លៃខ្ពស់នៅលើទីផ្សារ ហើយវាបានជួយលើកកម្ពស់ជីវភាពរបស់អ្នកភូមិបានច្រើនជាងមុនថែមទៀតផង។
ដំឡូងដៃខ្លា ជាប្រភេទរុក្ខជាតិវល្លិ៍ ស្លឹកមានសណ្ឋានដូចស្លឹកម្លូរ និងមានមើមតូចធំទៅតាមប្រភេទពូជ ប្រភេទដំឡូងនេះជាដំណាំប្រពៃណីរបស់អ្នកភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលដាំតកូន តចៅច្រើនតំណមកហើយ ដែលមានជាលក្ខណៈគ្រួសារផង និងសម្រាប់លក់ដូរផង។
ទាក់ទងនឹងការដាំដុះពីដំឡូងដៃខ្លានេះដែរ គឺពីដើមឡើយរហូតមកដល់ពេលនេះ អ្នកភូមិភាគច្រើននៅតែបន្តធ្វើតាមទម្លាប់ពីបរមបុរាណ ដោយស្របនឹងគោលការណ៍អភិរក្សវប្បធម៌ប្រពៃណីក្នុងការរស់នៅ ការលើកស្ទួយកម្រិតជីវភាព និងចង់ឲ្យប្រជាជនក្នុងតំបន់អង្គររក្សានូវដំណាំមរតកមួយនេះបន្តទៅទៀតផងដែរ។
អាជ្ញាធរជាតិអប្សរា តាមរយៈគម្រោង ACHA បានសហការជាមួយអង្គការ IDE (In Partnership Promoting Agribusiness) កំពុងយកចិត្តទុកដាក់បង្រៀន និងឲ្យអ្នកភូមិសាកល្បងដាំតាមបច្ចេកទេសថ្មី ដែលងាយស្រួលចំណាយកម្លាំង ទុន និងសម្ភារៈតិចជាងមុន តែទទួលបានទិន្នផលច្រើនជាងដាំតាមទម្លាប់បុរាណ។
លោកស្រី មីង ផាតគន់ កសិករគំរូនៅភូមិពាម បានថ្លែងថា គាត់ដាំដំឡូងដៃខ្លាតាមទម្លាប់បុរាណជាង២០ឆ្នាំមកហើយ ពោលគឺតពីម្តាយឪពុករបស់គាត់ ហើយដំឡូងនេះ មួយរដូវអាចដាំបានតែម្តងទេ គឺចាប់ពីក្រោយចូលឆ្នាំហើយ (ខែពិសាខ ឬខែជេស្ឋ)។
លោកស្រីបានបញ្ជាក់ថា ម៉្យាងទៀតដំណាំដំឡូងនេះ ងាយស្រួលដាំដុះ មិនត្រូវការទឹកច្រើន មិនចំណាយទុនច្រើន ឆាប់បានផល វាមិនទាមទារកម្លាំងច្រើនក្នុងការថែទាំ ស្រីៗ ក៏អាចធ្វើបាន និងងាយស្រួលលក់លើទីផ្សារថែមទៀត។ ចំពោះមើមឆៅ គឺអាចលក់ចេញបានក្នុងតម្លៃ ៣៥០០រៀល/គីឡូ ចំណែកឆ្អិនបានក្នុងតម្លៃ ៥០០០រៀល/គីឡូ ហើយពេលខ្លះវាអាចថ្លៃជាងនេះក៏មាន។ រីឯនៅឆ្នាំនេះ លោកស្រីបានដាំដំឡូងដៃខ្លានេះតាមទម្លាប់ និងតាមបច្ចេកទេសថ្មី ដែលអង្គការ IDE បង្រៀន។
លោកស្រីបានរៀបរាប់បន្តថា ការដាំតាមទម្លាប់ពីដូនតា គឺគ្រាន់តែជីករណ្តៅជម្រៅ ៣តឹកទៅក្រោម ហើយដុតសំរាមទ្រាប់បាត រួចជ្រួយដីបាតឲ្យស្អាត បន្ទាប់មកដាក់ពូជមើមដំឡូងកប់ដី ស្រោចទឹកជាការស្រេច។
បន្ទាប់ពីដំឡូងដុះលូតលាស់បោះដៃបានសមល្មម ត្រូវយកកូនឈើមាំល្មមមកធ្វើទ្រើង ដើម្បីឲ្យដំឡូងវារតោងឡើង លុះរយៈពេលចំនួន ៦ខែ អាចប្រមូលផលបានផងដែរ។ ចំពោះការថែទាំក្នុងពេលកំពុងលូតលាស់ គឺគ្រាន់តែបោចស្មៅកុំឲ្យវាឡើងគ្របលើគល់ ហើយស្រោចទឹក៤ ឬ៥ដងក្នុងមួយខែ ប្រសិនបើគ្មានភ្លៀងធ្លាក់ និងជ្រួយដីពូនគល់វាឲ្យខ្ពស់។
ចំពោះការដាំដំឡូងនេះដែរ គឺមិនរើសដីទេ វាទទួលបានផលទៅតាមរបបទឹកភ្លៀង កាលណាបើភ្លៀងធ្លាក់ច្រើនបណ្តាលឲ្យដីហាប់ មើមចុះតិច និងមិនសូវធំ តែបើភ្លៀងធ្លាក់សមល្មម ដីផុសល្អ នឹងទទួលបានផលច្រើន។ កសិករអាចមើលដឹងថាដំឡូង នឹងទទួលបានទិន្នផលតិច ឬច្រើនដោយសង្កេតទៅលើស្លឹក បើស្លឹកដំឡូងធំបញ្ជាក់ថាដំឡូងមើមល្អ តែបើស្លឹកល្អិតៗនោះ ដំឡូងមើមតូចៗ។ ក្នុងការដាំ ផលលំបាកនោះ គឺកាប់ដីធ្វើរោងដាំ ហើយចំណាយតែលុយទិញទ្រើងប៉ុណ្ណោះ តែងាយស្រួលថែ និងមិនសូវមានជំងឺឡើយ។
បើទោះបីមិនទាន់ដឹងថាទិន្នផលដាំតាមបែបបច្ចេកទេសខុសប្លែកពីការដាំតាមទម្លាប់យ៉ាងណាក៏ដោយ តែលោកស្រី ផាត គន់ បានឲ្យដឹងថា ការដាំតាមបច្ចេកទេស គឺងាយស្រួលជាង ចំណាយកម្លាំងតិច កាត់បន្ថយបង្គោលឈើបានច្រើន ចំណាយការទិញសម្ភារៈតិច ហើយសម្ភារៈមួយចំនួនក៏មានការជួយឧបត្ថម្ភពីអង្គការ និងអាជ្ញាធរជាតិអប្សរាផងដែរ ដូចជាទ្រើង សំណាញ់ស្បៃ និងជី ហើយរបៀបដាំងាយៗ។
លោកស្រីបានបន្តថា ការនៅបន្តដាំដំណាំនេះដល់សព្វថ្ងៃ ព្រោះផលដំឡូងមានទីផ្សារ អាចលក់ដូរ និងបានលើកស្ទួយជីវភាពគ្រួសារកាន់តែល្អប្រសើរជាងមុន និងមិនបាច់នឿយហត់ក្នុងការដាំដុះ ហើយចង់រក្សាដំណាំពីម្តាយនេះឲ្យគង់វង្សផងដែរ។
លោក ឡាច វីយូរ៉ា បុគ្គលិកបច្ចេកទេសនៃគម្រោង ACHA បានឲ្យដឹងថា «នៅឃុំដូនកែវ ដំឡូងដៃខ្លាត្រូវបានប្រជាជនដាំតាំងពីដូនតាមក ដូច្នេះដើម្បីលើកទឹកចិត្តដល់អ្នកភូមិឲ្យរក្សានូវដំណាំនេះបន្ត និងក្នុងន័យអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ហើយស្របតាមគោលការណ៍របស់អាជ្ញាធរជាតិអប្សរាផងនោះ យើងបានផ្តល់បច្ចេកទេសបន្ថែមក្នុងការដាំដំឡូងដល់អ្នកភូមិ ដើម្បីឲ្យទទួលបានទិន្នផលបានប្រសើរជាងមុន»។
លោកបន្តថា ការដាំតាមបច្ចេកទេស គឺងាយស្រួលជាង ចំណាយកម្លាំង និងថវិកាទិញសម្ភារៈតិចជាងដាំតាមទម្លាប់ ដោយគ្រាន់តែដុតសំរាម ឬអង្កាមដាក់នៅកន្លែងរោងមុនដាំ រួចហើយកប់ដី ស្រោចទុកជាការស្រេច។
គួរបញ្ជាក់ដែរថា ដំឡូងនេះត្រូវការជាតិអំបិលច្រើន ដូច្នេះការដុតអង្កាម ហើយដាក់ជីកំបោរកសិកម្ម គឺល្អបំផុត ព្រោះវាជួយសម្លាប់មេរោគ និងដីមានជីវជាតិ ធ្វើឲ្យមើមចុះធំ លុះពេលវាធំល្មម ចាប់ផ្តើមពូនដីឲ្យខ្ពស់ពីរ ទៅបីដង រហូតដល់ ៦ខែទើបប្រមូលផលបានផងដែរ៕