(ភ្នំពេញ)៖ សិស្សមធ្យមសិក្សាកម្ពុជា២រូប ដែលមានឈ្មោះជាភាសាចិន លោក Ghov You Y និងលោក Lileng Koung បានជាប់ជាតំណាងកម្ពុជា ទៅប្រកួតប្រជែងនិយាយភាសាចិន នៅប្រទេសចិន។ ការជាប់ជ័យលាភីនេះ បានធ្វើឡើង ក្រោយពី សិស្សមធ្យមសិក្សាកម្ពុជាទាំង២រូបនេះ បានចូលរួមប្រកួតកម្មវិធី «ស្ពានភាសាចិន» កម្រិតមធ្យមសិក្សាលើកទី១១ នៅកម្ពុជា ដែលរៀបចំឡើងដោយ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា​ ។ វគ្គជម្រុះយកចំណាត់ថ្នាក់ និងជ័យលាភីនេះ បានរៀបចំធ្វើឡើង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ នៅរាជបណ្ឌិត្យសភាកម្ពុជា​។

លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា នេះជាមោទនភាពមួយសម្រាប់កម្ពុជា ដែលមានសិស្សឆ្នើម ជាប់ជាតំណាងកម្ពុជា ទៅប្រកួតប្រជែងនិយាយភាសាចិន នៅប្រទេសចិន។

លោកបានបន្ថែមថា ការចេះភាសាចិននេះ អាចធ្វើឲ្យសិស្ស កម្ពុជា អាចស្វែងយល់ និងមានទំនាក់ទំនងល្អជាមួយប្រទេសចិនបន្ថែមទៀត ហើយក៏បង្ហាញពីការរាប់អានគ្នា រវាងប្រទេសកម្ពុជា និង ចិនផងដែរ។ លោក យង់ ពៅ បានឲ្យដឹងថា បច្ចុប្បន្ននេះ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា​ បានក្លាយជាវិទ្យាស្ថានបណ្តុះបណ្តាលមួយ ដ៏មានសក្តានុពលមួយប្រចាំប្រទេសកម្ពុជា។

ជាមួយគ្នានោះ លោក យង់ ពៅ ក៏បានស្នើដល់ភាគីចិន ជួយបណ្តុះបណ្តាលសិស្សឲ្យចេះភាសាឲ្យបានច្រើន ដើម្បីទំនាក់ទំនងល្អ។ ការស្នើររបស់លោក លោក យង់ ពៅ បានធ្វើឡើងក្រោយពេលដែលសង្កេតឃើញថា ចំនួនសិស្សកម្ពុជា មានច្រើន ដែលអាច និយាយភាសាចិនបាន តែសម្រាប់សិស្សចិន ដែលចេះនិយាយភាសាខ្មែរ ហាក់នៅមានកម្រិត។ ​

បន្ថែមពីលើនេះ លោក លី ជា ភារធារីនៃស្ថានទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងថា ការរៀនភាសាចិនឲ្យបានល្អ នឹងអាចយល់ដឹងពីភាសាចិន និងការជឿនលឿននៃសេដ្ឋកិច្ច​របស់ប្រទេសចិន។ លោក លី ជា បានបន្ដែមថា ការប្រកួតប្រជែងនេះ បានបង្ហាញយ៉ាងច្បាស់ពីការទំនាក់ទំនងគ្នាល្អរវាងកម្ពុជា និងចិន និងប្រជាជនកម្ពុជា និងប្រជាជនចិន ហើយក៏ជាការចែករំលែកនូវ វប្បធម៌ រវាងប្រទេសទាំង២ផងដែរ។

សូមបញ្ជាក់ថា ការប្រកួត «ស្ពានភាសាចិន» ពិភពលោកកម្រិតថ្នាក់មធ្យមសិក្សា បានបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៨ ហើយមាន ១៣៦ប្រទេស បានចូលរួមក្នុងកម្មវិធីប្រកួតនេះ ក្នុងនោះផងដែរប្រទេសកម្ពុជា​ក៏បានចូលរួមបានទាំង១០លើក ចាប់តាំងពីមានការបង្កើតកម្មវិធីនេះផងដែរ។ កម្មវិធីនេះ ធ្វើឡើងដើម្បីឲ្យប្រទេសអ្នកស្រឡាញ់ភាសាចិនទទួល បានឱកាសទំនាក់ទំនង និងការរៀនសូត្រឲ្យកាន់តែប្រសើរ ហើយវាជាការផ្តល់ការជំរុញឲ្យយុវវ័យ ទទួលបានភាពកក់ក្តៅ និងស្រឡាញ់ការសិក្សាភាសាចិន ម្យ៉ាងវិញទៀត បានផ្តល់កាលានុវត្តភាពបង្កើតការចេះដឹងផ្នែកវប្បធម៌ អរិយធម៌ភាសាចិន ឲ្យកាន់តែមានកម្រិតថែមទៀត។

នាពេលបច្ចុប្បន្ននេះ ការប្រកួត «ស្ពានភាសាចិន» បានក្លាយជាការប្រមូលផ្តុំដ៏ល្អប្រសើរ ចំពោះអ្នកស្រឡាញ់ភាសាចិនទូទាំងពិភពលោក ហើយជាបន្តបន្ទាប់ក៏បានជម្រុញនូវអ្នកដែលមានទេពកោសល្យជាច្រើន ទាំងផ្នែកសិល្បៈ ភាសា និងវប្បធម៌ចម្រុះពណ៌៕