(ភ្នំពេញ)៖ សាលា ប៊ែលធី អន្តរជាតិ រសៀលថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០១៨ បានររៀបចំកម្មវិធីប្រកួតប្រជែងសំណេរភាសាអង់គ្លេសលើកទី២ (English Writing Contest Program) នៅសាលា ប៊ែលធី អន្តរជាតិទី៩ (សាខាស្ទឹងមានជ័យ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក បណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកល វិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រី។
លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រង នាយកសាខា បានអោយដឹងថា បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន២១ សាខា ក្នុងនោះ ១៩សាខា កំពុងដំណើរការ និង០២សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា ៣៦.៦០៨នាក់។ គោលបំណងនៃការប្រកួតសំណេរភាសាអង់គ្លេស គឺធ្វើឲ្យសិស្សានុសិស្សមានភាពក្លាហានហ៊ានបញ្ចេញសមត្ថភាព ថ្នឹកដៃក្នុងការសរសេរភាសាអង់គ្លេស និងអាចចូលរួមប្រកួតប្រជែងសំណេរជាលក្ខណៈអន្តរជាតិ ។
កម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសទូទៅ ត្រូវបានរៀបចំសម្រិតសម្រាំងតាមស្តង់ដារអន្តរជាតិ ហើយសៀវភៅសិក្សាត្រូវបានសហការគាំទ្រដោយក្រុមហ៊ុន McGraw-HILL Education នៅសហរដ្ឋអាមេរិក ។
ក្នុងនោះដែរ សាលាក៏បានបន្ថែមកម្មវិធីសិក្សាដូចជា៖ ចម្រៀង រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ ដល់សិស្សគ្រប់កម្រិតចាប់ពី Preschool 1 ដល់ Level 12 ។ នៅពេលបញ្ចប់ Level 12 សិស្សមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ជាពិសេស ទទួលបានពិន្ទុ TOEFL ឬIELTS យ៉ាងតិច 6.5 ឡើង ដែលអាចដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។
ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត លី ឆេង បានថ្លែងនូវការកោតសរសើរ ចំពោះក្មួយៗដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុង របស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានជយលាភីនាពេលនេះ។
លោកបណ្ឌិត ក៏បានថ្លែងអំណរគុណដល់មាតាបិតា អាណាព្យាបាលសិស្សនិស្សិត ដែលតែងតែគាំទ្រដល់ការបណ្តុះបណ្តាលអប់រំ និងផ្តល់លទ្ធភាពដល់កូនៗរបស់ខ្លួនឲ្យមកសិក្សានៅសាលា ប៊ែលធី អន្តរជាតិ ក៏ដូចជា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិផងដែរ។ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នឹងគ្រោងបើកសម្ពោធសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាខាទី២ ដែលស្ថិតនៅផ្លូវជាតិលេខ ៣ (ចោមចៅ) នៅពេលឆាប់ៗខាងមុខ។
ជាទីបញ្ចប់ លោកបណ្ឌិត និងលោកស្រី ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយ សំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្ស ជ័យលាភី កម្រិតទី៥ ទី៨ ទី១១និងទី១២ ចំនួន ១២នាក់ ផងដែរ ៕