(ភ្នំពេញ)៖ អនុវត្តតាមសេចក្ដីជូនដំណឹង របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី និងដើម្បីចូលរួមដល់ កំណែទម្រង់ស៊ីជម្រៅ សំដៅបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយភាពកក់ក្ដៅ និងយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់ភាពក្ដៅ» ក្រសួងទេសចរណ៍ បានរៀបចំនូវសិក្ខាសាលា ស្ដីពីបដិសណ្ឋារកិច្ចល្អ ចាប់ពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០១៨។

ក្នុងពិធីបិទសិក្ខាសាលា នាថ្ងៃទី១៥ ខែមិថុនា នៅសណ្ឋាគារភ្នំពេញ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា អនុវត្តតាមសេចក្ដីជូនដំណឹង របស់រដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យដាក់ចេញនូវចេញនូវចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អចំនួន៣ រួមមាន៖ ១៖ បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍, ២៖ បដិសណ្ឋារកិច្ចល្អរបស់ច្រកទ្វារអន្ដរជាតិ និង៣៖ បដិសណ្ឋារកិច្ចល្អ ក្នុងសេវាសាធារណៈ របស់ក្រុង/ខណ្ឌ/ស្ថាប័ន ស្ថិតក្នុងបេក្ខភាព នៃចលនាប្រឡងប្រណាំងទីក្រុងស្អាត។

លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានឱ្យដឹងថា ក្រសួងទេសចរណ៍ បានបង្កើតនូវប្រព័ន្ធវាយតម្លៃ និងស្ទង់មតិយោបល់ភ្ញៀរទេសចរ និងប្រជាពលរដ្ឋលើចលនាប្រឡងប្រណាំង ទាំង៣ខាងលើ តាមប្រព័ន្ធ QR Code ទាំងអស់។

សូមបញ្ជាក់ថា ពាក់ព័ន្ធចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អ សេវាសាធារណៈរបស់ក្រុង/ខណ្ឌ/ស្ថាប័ន ស្ថិតក្នុងបេក្ខភាព នៃចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី២ ដើម្បីឱ្យបដិសណ្ឋារកិច្ចល្អ ជារបៀបវារៈជាតិ និងក៏ដូចជាស្របតាមប្រសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា «មន្ដ្រីគឺជាអ្នកបម្រើរាស្ដ្រដ៏ស្មោះត្រង់ មិនមែនជាចៅហ្វាយទេ» គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានរៀបចំស្ដង់ដាវាយតម្លៃ ដោយផ្នែកតាមអភិក្រម៖ «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» និងបានបែងចែកជា ៣សូចនាករគោល រួមមាន៖

* សូចនាករគោលទី១៖ ការផ្តល់សេវាឱ្យបាន និងប្រកបដោយគុណភាព។
* សូចនាករគោលទី២៖ ការផ្ដល់លឿនទាន់ពេលវេលា និងត្រឹមត្រូវ។
* សូចនាករគោលទី៣៖ ការផ្តល់សេវាជូនប្រជាពលរដ្ឋដោយស្មើភាព និងមានការទទួលខុសត្រូវ។

ដើម្បីឱ្យចលនាប្រឡងប្រណាំងនេះទទួលបានភាពជោគជ័យ ត្រៀមទទួលទេសចរអន្ដរជាតិ ៧លាននាក់ នៅឆ្នាំ២០២០ និង ១៥លាននាក់ នៅឆ្នាំ២០២០ លោករដ្ឋលេខាធិការ បានអំពាវនាវឱ្យប្រជាពលរដ្ឋ វិស័យឯកជន និងភ្ញៀវទេសចរ ចូលរួមផ្ដល់មតិយោបល់លើ៖

១៖ ការផ្ដល់សេវារបស់ក្រុង/ខណ្ឌ/ស្ថាប័ន ស្ថិតក្នុងបេក្ខភាពនៃចលនាប្រឡងប្រណាំង ទីក្រុងស្អាតតាម រយៈកម្រងសំណួរ ឬស្កេន QR Code វាយតម្លៃនៅលើបញ្ឈរ QR Code ដែលបានបំពាក់នៅតាមបេក្ខភាព ឬចូលកាន់តំណលីង៖ http://cambodiabesthospitality.org/kh/search_org&cate=ps&level=1&main_id=1

២៖ ការផ្ដល់សេវារបស់ច្រកទ្វារអន្ដរជាតិ តាមរយៈកម្រងសំណួរ ឬស្កេន QR Code វាយតម្លៃនៅលើ បញ្ឈរ QR Code ដែលបានបំពាក់នៅតាមច្រកទ្វារអន្ដរជាតិ បេក្ខភាពទាំង០៦ ឬចូលកាន់ តំណលីង៖
http://cambodiabesthospitality.org/kh/search_org&cate=ps&level=border&main_id=0។

៣៖ ការផ្ដល់សេវារបស់ច្រកទ្វារអន្ដរជាតិតាមរយៈកម្រងសំណួរ ឬបញ្ឈរ QR Code វាយតម្លៃ ឬQR Code លើវិក័យបត្រ ឬសម្ភារៈផ្សព្វផ្សាយនានា ដែលបានបំពាក់នៅតាមមូលដ្ឋាន អាជីវកម្មទេសចរណ៍បេក្ខភាពនៃចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្ អក្នុងវិស័យទេសចរណ៍ តាមរយៈតំណលីង៖ http://cambodiabesthospitality.org/kh/search_org&cate=ts