(បាងកក-ថៃ)៖ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរ DASTA (Designated Area for Sustainable Tourism Administration) របស់ប្រទេសថៃ បានចុះអនុស្សារណៈយោគយល់គ្នាជាផ្លូវការ នៅទីក្រុងបាងកកនៃប្រទេសថៃ ក្រោយបានជួបពិភាក្សា និងសិក្សាពីគ្នាអស់រយៈពេលជាងមួយឆ្នាំមកនេះ។
ការចុះអនុស្សារណៈនេះ ត្រូវបានធ្វើឡើងរវាង លោក សុខ សង្វារ អគ្គនាយករង តំណាងលោកអគ្គនាយកអាជ្ញាជាតិអប្សរា ជាមួយលោក Nalikathibhag Sangsnit នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ។
សម្រាប់សារៈសំខាន់ នៃការចុះអនុស្សារណៈនេះ គឺដើម្បីបង្កើតកិច្ចសហការសម្រាប់ផ្លាស់ប្តូរបទពិសោធន៍ និងជំនាញនៃការគ្រប់គ្រង់ទេសចរណ៍ប្រកបដោយចីរភាព ដោយផ្តោតទៅលើកិច្ចការសំខាន់ៗមួយចំនួនដូចជា ការស្រាវជ្រាវទេសចរណ៍, ការផ្លាស់ប្តូរអ្នកជំនាញទេសចរណ៍, ចែករំលែកបទពិសោធន៍ និងចំណេះដឹងនានាពាក់ព័ន្ធ នឹងការគ្រប់គ្រងទេសចរណ៍ ការធ្វើទស្សនកិច្ចចុះសង្កេតដើម្បីស្វែងយល់ និងដកពិសោធន៍ការងារ ហើយក្នុងនោះ ក៏មានការបណ្តុះបណ្តាលអំពីគំរូ នៃការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងការបណ្តុះបណ្តាលវគ្គជំនាញទេសចរណ៍ផ្សេងៗជាដើម។
លោក សុខ សង្វារ ដែលជាតំណាងលោកអគ្គនាយកអាជ្ញាជាតិអប្សរាបានបញ្ជាក់ថា ការសម្រេចចិត្តចុះអនុស្សារណៈយោគយល់ជាមួយអាជ្ញាធរDASTA គឺក្នុងគោលដៅពង្រឹងទំនាក់ទំនងលើវិស័យគ្រប់គ្រងទេសចរណ៍ ដោយហេតុថា កិច្ចការចម្បងរបស់អាជ្ញាធរនេះ គឺផ្តោតសំខាន់ទៅលើចីរភាពទេសចរណ៍នៅតំបន់ទាំង៥គឺ Koh Chang Islands, Pataya City, Sukhothai-Kamphaengphet Historic Parks, Leoi Province និង U-Thong ដែលបានកំណត់ដោយព្រះរាជក្រឹត្យផងដែរ។
លោក Nalikathibhag Sangsnit បានបញ្ជាក់ថា ភាពជោគជ័យនៃការគ្រប់គ្រងរមណីយដ្ឋានអង្គរ គឺជាចំណុចដែលធ្វើឲ្យក្រុមការងាររបស់លោកកោតសរសើរយ៉ាងខ្លាំង ហើយតាមរយៈទំនាក់ទំនងនេះ ក្រុមការងាររបស់លោកនឹងទទួលបានបទពិសោធន៍ល្អៗបន្ថែមទៀត ក្នុងការរៀបចំតំបន់ទេសចរណ៍DASTA។
ជាមួយគ្នានេះដែរ លោកក៏បានអញ្ជើញមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ដើម្បីចូលរួមប្រជុំអំពីការគ្រប់គ្រង់តំបន់បេតិកភណ្ឌពិភពលោក ក្នុងតំបន់អាស៊ាន ដែលគ្រោងនឹងរៀបចំនៅប្រទេសថៃ ក្នុងខែសីហាខាងមុខនេះ ហើយដើម្បីជាការចាប់ផ្តើមនៃការអនុវត្តលើអនុស្សារណៈយោគយល់គ្នានេះដែរ អាជ្ញាធរ DASTA បានរៀបចំដំណើរទស្សនកិច្ចសិក្សាជូនមន្ត្រីជំនាញរបស់អាជ្ញាធរជាតិអប្សរា ទៅកាន់រមណីយដ្ឋានសុខោទ័យ ដែលជាបេតិកភណ្ឌពិភពលោកមួយ ដើម្បីដកស្រង់បទពិសោធន៍ពីការងារគ្រប់គ្រង់ទេសចរណ៍នៅទីនោះ៕