(បន្ទាយមានជ័យ)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានជំរុញលោកទឹកចិត្តដល់កសិករ ឲ្យធ្វើការផលិតស្រូវ ដែលមានទីផ្សារជាពិសេសស្រូវសែនក្រអូប ព្រោះពេលនេះកំពុងមានតម្រូវការពីអន្តរជាតិ។
ការជំរុញជាថ្មីរបស់លោកអគ្គនាយក ធ្វើឡើងក្នុងឱកាសដែលលោក និងលោកឧកញ៉ា ភូ ពុយ ប្រធានក្រុមហ៊ុនធនាគារស្រូវ នៅរសៀលថ្ងៃទី១៥ ខែមិថុនានេះ ចុះសំណេះសំណាលជាមួយសហគមន៍ផលិតស្រូវ និងផ្សព្វផ្សាយពីទីផ្សារស្រូវ និងយន្តការប្រមូលទិញស្រូវពីកសិករ នៅឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
លោក កៅ ថាច បានលើកឡើងថា រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី លោកបានយកចិត្តទុកដាក់ខ្លាំង ចំពោះជីវភាពរបស់កសិករ។ ដូចនេះ ដើម្បីលើកកំពស់ថ្លៃស្រូវ នៅក្នុងតំបន់ឲ្យមានតំលៃ និងជៀសវាងការធ្លាក់ចុះថ្លៃស្រូវ រាជរដ្ឋាភិបាលបានទំលាក់ឥណទានពិសេស ជាបន្តបន្ទាប់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ផ្តល់ជូនក្រុមហ៊ុនធនាគារស្រូវ ដើម្បីធ្វើការសាងសង់ឃ្លាំងស្តុកស្រូវចំនួន២សែនតោន និងឡសំងួតស្រូវចំនួន៣០០០តោនក្នុងមួយថ្ងៃ ស្ថិតក្នុងតំបន់ខេត្តបាត់ដំបង ។ ដូចនេះរដូវប្រមូលផលស្រូវឆ្នាំនេះ របស់បងប្អូននឹងពុំមានការបារម្ភទៀតឡើយ ហើយតំលៃស្រូវនឹងធានាស្ថិរភាពបាន។
លោកបន្ថែមថា ក្រៅពីឥណទានសាងសង់ឃ្លាំង និងឡសំងួតរាជរដ្ឋាភិបាលបានទំលាក់ឥណទានពិសេសបន្ថែមទៀត តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់ឲ្យរោងម៉ាស៊ីនកិនស្រូវទិញស្រូវតាមតំលៃទីផ្សារ ដោយដាក់ស្តុកស្រូវជាវត្ថុធានាបំណុល និងមានអត្រាការប្រាក់ទាប។
លោកបញ្ជាក់ថា ក្រោមកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងធនាគារស្រូវ បានរៀបចំទីតាំង ដើម្បីត្រៀមទិញស្រូវពីបងប្អូនប្រជាកសិករ ហើយក្រៅពីធនាគារស្រូវ នៅមានរោងម៉ាស៊ីនផ្សេងទៀតជាច្រើន ក្នុងតំបន់ដែលជាដៃគូ របស់ធនាគារអភិវឌ្ឍន៍ជនបទ ក៏បានត្រៀមខ្លួនទិញស្រូវពីបងប្អូនតាមតំលៃទីផ្សារផងដែរ។
បញ្ហាផ្លូវខូចខាតដោយសារទឹកជំនន់ ផ្លូវតូចពិបាកដឹកជញ្ជូនស្រូវពីស្រែ និងឆ្ងាយពីទីផ្សារ លោកអគ្គនាយកបញ្ជាក់ថា នៅពេលនេះក្រុមការងាររបស់រាជរដ្ឋាភិបាលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ ជាដើម បាននិងកំពុងចុះមកសិក្សាហើយ។ ដូចនេះបញ្ហារបស់ប្រជាកសិករអំពីការចំណាយថ្លៃដើមខ្ពស់លើការដឹកជញ្ជូនកសិផលរាជរដ្ឋាភិបាលកំពុងដោះស្រាយជូន។
ជាថ្មីម្តងទៀត លោក កៅ ថាច បានស្នើសុំ និងសំណូមពរ ដល់បងប្អូន និងក្រុមហ៊ុនធនាគារស្រូវ៖
* ធ្វើកិច្ចសន្យាកសិកម្ម រួមគ្នារវាងសហគមន៍ និងធនាគារស្រូវ និងធ្វើការពង្រីកសមាជិកភាពឲ្យបានច្រើន និងមានសាមគ្គីភាពជាធ្លុងមួយដើម្បីប្រយោជន៍រួម។ ទន្ទឹមនេះភាគីទាំងពីរត្រូវអនុវត្តតាមកិច្ចសន្យាប្រកប ដោយប្រសិទ្ធភាពខ្ពស់ និងការទទួលខុសត្រូវ។
* សហគមន៍ត្រូវរៀបចំផែនការ និងតារាងពេលវេលាច្រូតកាត់ស្រូវ ដោយសហកាជាមួយធនាគារស្រូវ ដើម្បីមានភាពងាយស្រូលលើការដឹកជញ្ជូនមកកាន់ទីផ្សារលក់ និងអាចជៀសវាងបានការទំលាក់តំលៃពីឈ្មួញកណ្តាលក្នុងករណីស្រូវជន់ខ្លាំង។
* ក្រុមហ៊ុនធនាគារស្រូវ ត្រូវចុះមកទិញស្រូវតាមតារាងច្រូតកាត់ ឲ្យបានទាន់ពេលវេលា និងតាមតំលៃទីផ្សារ។
* ស្នើសុំឲ្យក្រុមហ៊ុនធនាគារស្រូវ ពង្រីកទីតាំងទទួលទិញឲ្យបានដល់ទីតាំងណា ដែលមិនទាន់មាន និងឲ្យដល់ទីតាំងច្រូតកាត់តែម្តង ដើម្បីសម្រួលកាត់បន្ថយការចំណាយ លើការដឹងជញ្ជូនរបស់បងប្អូនសហគមន៍។
* ស្នើសុំអាជ្ញាធរមូលដ្ឋានចូលរួមកិច្ចសហការណ៍ និងសម្របសម្រួលលើការដឹកជញ្ជូនស្រូវ មកកាន់ទីផ្សារ រោងម៉ាស៊ីនកិនស្រូវ។
ដោយការបោះឆ្នោតខិតជិតមកដល់ លោក កៅ ថាច ស្នើសុំឲ្យបងប្អូនអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខទាំងអស់គ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ យើងឲ្យបន្តការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដើម្បីសមធម៍ប្រជាជន និងរក្សាស្ថិរភាព សន្តិភាពជាបន្តទៀត៕