(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈកម្មាធិការកិច្ចការបរទេស និងជាអ្នកនាំពាក្យនៃរដ្ឋសភា បានចាត់ទុកចំណាត់ការរបស់សហរដ្ឋអាមេរិកលើនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាសេរីយោនយោបាយដ៏ទុច្ចរិតមួយរបស់សហរដ្ឋមន្ត្រីក្រោមខ្សែញ៉ាក់របស់មេដឹកនាំអតីតបក្សប្រឆាំងនៅកម្ពុជា ក្នុងការវាយបំបាក់ស្មារតីកងទ័ពអ្នកស្នេហាជាតិនៅមុនពេលការបោះឆ្នោតឈានចូលមកដល់។

លោក ឈាង វុន បានថ្លែងបញ្ជាក់បែបនេះនៅចំពោះមុខក្រុមអ្នកព័ត៌មាននាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា។

លោក ឈាង វុន បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះ «នេះជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយជាការវាយបំបាក់ស្មារតីស្នេហាជាតិកងកម្លាំងទ័ពរបស់យើង ព្រោះឯកឧត្តម ហ៊ីង ប៊ុនហៀង គាត់ជាមេទ័ពមួយ ដែលការពារដាច់ខាតប្រជាធិបតេយ្យនៅកម្ពុជា ការពារសន្តិភាពរបស់កម្ពុជា ការពារអធិបតេយ្យជាតិរបស់កម្ពុជា។ ជាទ័ពឈានមុខក្នុងការទប់ស្កាត់មិនឲ្យមានការជ្រៀតជ្រែកពីក្រៅ អ៊ីចឹងហើយគេត្រូវវាយបំបាក់គាត់ ដើម្បីឲ្យកងកម្លាំងប្រដាប់អាវុធរបស់យើង យោធិនរបស់យើងហ្នឹង បាត់ស្មារតី ជាពិសេសមុនពេលបោះឆ្នោត ដែលយើងមិនអាចទទួលយកបានទេ»

លោក ឈាង វុន បានថ្លែងទៅកាន់សហរដ្ឋអាមេរិកថា ប្រសិនបើពួកគេមិនបានជួយអ្វីសម្រាប់កម្ពុជា គួរតែដកខ្លួនឲ្យឆ្ងាយពីកម្ពុជា។ បន្ថែមពីលើនោះមុននឹងចេញវិធានការបង្កកប្រាក់របស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ទាំងពួកគេដឹងថា នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង គ្មានប្រាក់ទុកនៅអាមេរិកនោះ អាមេរិកគួរតែក្រឡេកមើលអតីតកាល ក្រឡេកមើលគ្រាប់បែករបស់ពួកគេនៅលើដីកម្ពុជា​ ហើយគួរតែយកចេញឲ្យអស់ពីដីកម្ពុជា។

អ្នកនាំពាក្យរូបនេះ បានអំពាវនាវឲ្យពលរដ្ឋខ្មែរក្រោកឡើងប្រឆាំងល្បិចពិសពុលរបស់អាមេរិក ដើម្បីបញ្ចៀសកម្ពុជាកុំឲ្យមានវិនាសកម្មដូចពីអតីតកាលបន្តទៅទៀត។

ប្រតិកម្មភ្លាមរបស់លោក ឈាង វុន បានធ្វើឡើងបន្ទាប់ពីរតនាគារស​ហរដ្ឋ​អាមេរិក​​នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ បានសម្រេចដាក់ទណ្ឌកម្មបង្កប្រាក់​ នាយ​ឧត្តម​សេនីយ៍​ ហ៊ីង ប៊ុនហៀង​ អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមភូមិន្ទ និង​ជា​មេបញ្ជាការ​នៃបញ្ជាការដ្ឋាន​អង្គរក្ស​សម្តេចតេជោ ហ៊ុន សែន។ នេះគឺជាចំណាត់ការដំបូងគេរបស់សហរដ្ឋអាមេរិកមកលើមន្រ្តីជាន់ខ្ពស់ក្នុងជួរកងយោធពលខេមរភូមិន្ទ បន្ទាប់ពីមានការតវ៉ាច្រើនពីក្រុមអតីតមេដឹកនាំអតីតគណបក្សសង្គ្រោះ ដែលត្រូវបានរំលាយពីទោសក្បត់ជាតិនោះ។

ចំណាត់ការរបស់អាមេរិកនេះ បានធ្វើឲ្យមានការប្រតិកម្មយ៉ាងខ្លាំងក្លាពីរាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពរបស់កម្ពុជាផងដែរ៕