(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវយកសត្វគោ ក្របី មកចាក់ថ្នាំបង្ការការពារ ជំងឺសារទឹក និងអ៊ុចក្តាមឲ្យបានគ្រប់ៗគ្នា ដែលការអំពាវនេះ ធ្វើឡើងក្នុងពិធីចាក់ថ្នាំបង្ការ ការពារជំងឺ សារទឹក អ៊ុចក្តាម នៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨។
លោក គួច ចំរើន ក៏បានបង្ហាញពីគោលបំណងរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម ដើម្បីការពារកុំឲ្យសត្វចិញ្ចឹម (គោ ក្របី) នេះឆ្លងជំងឺ ប្រសិនបើមានការធ្វេសប្រហែសបន្ទិច អាចឲ្យសត្វគោ ក្របី ឈឺងាប់ ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារ និងពេលវេលាផងដែរ។
លោកអភិបាលខេត្ត បញ្ជាក់ទៀតថា ប្រជាពលរដ្ឋមួយចំនួន នៅមិនទាន់យល់ច្បាស់ពីបញ្ហាចាក់ថ្នាំបង្ការនេះ ដោយគិតថាសត្វរបស់គាត់មិនទាន់ឈឺផង ហេតុអ្វីត្រូវចាក់ថ្នាំ នេះហើយជាកត្តាដ៏ចំបង ដែលបណ្តាលឲ្យផ្ទុះជំងឺ អ៊ុចក្តាម និងសារទឹក នាពេលកន្លងមកក្នុងឆ្នាំ២០១៧ ក្នុងឃុំកោះសំរោង បណ្តាលឲ្យសត្វគោក្របីឈឺជាបន្តបន្ទាប់ ហើយបានអាជ្ញាធរ រួមនឹងមន្ត្រីជំនាញពសុពេទ្យ និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចុះទប់ស្កាត់ចាក់ថ្នាំការពារបានទាន់ពេលវេលា។
លោក គួច ចំរើន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ យកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋដែលមិនបានចូលរួមសូមយកសត្វ គោ ក្របី មកចាក់ថ្នាំបង្ការនេះ ដោយមិនគិតប្រាក់ឡើយ។
បន្តមកទៀត លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានទៅពិនិត្យមើលសាលាឆាន ដែលបានឆាបឆេះដោយអគ្គិភ័យ កាលវេលាម៉ោង២ទាបភ្លឺ ក្នុងថ្ងៃទី១១ ខែមិថុនាថ្មីៗនេះ ដែលបណ្តាលឲ្យឆាបឆេះខូចខាត អស់ទាំងស្រុង ហើយលោកបានយកបច្ច័យ១លានរៀល ប្រគល់ព្រះគ្រូចៅអធិការវត្តក្រូចសើច និងបានបានចុះសំណេះសំណាលជាមួយគ្រូសិស្សមេត្តយ្យសហគមន៍ ក្នុងបរិវេណវត្តក្រូចសើចនោះផងដែរ៕