(ភ្នំពេញ)៖ បន្ទាប់ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ តាមរយៈបណ្តាញព័ត៌មាន Fresh News បានអំពាវនាវឲ្យម្ចាស់រថយន្តម៉ាក Toyota Highlander ពាក់ស្លាកលេខ ភ្នំពេញ 2T:9595 ដែលបើកបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយបើកគេចឲ្យចូលខ្លួនមកដោះស្រាយរួចមកនោះ នៅពេលនេះករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានដោះស្រាយបញ្ចប់អស់ហើយ ដោយភាគីម្ចាស់រថយន្តបង្កយល់ព្រមសងសំណង ជូនម្ចាស់រថយន្តរងគ្រោះ។
បន្ទាប់ពីមានការអំពាវនាវរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ម្ចាស់រថយន្តបង្កបានចូលខ្លួនមកដោះស្រាយបញ្ហាភ្លាមៗមួយនឹងម្ចាស់រថយន្តរងគ្រោះ នៅការិយាល័យនគរបាលចរាចរណ៍។ ដោយភាគីទាំងស្រុះស្រួលគ្នាយល់បញ្ចប់រឿងទាំងស្រុង។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានថ្លែងអំណរគុណចំពោះភាគីទាំង២ ពិសេសភាគីរថយន្តបង្ក ដែលមានសេចក្តីក្លាហាន ចូលខ្លួនមកទទួលខុសត្រូវចំពោះករណីគ្រោះចរាចរណ៍ ដែលខ្លួនបានប្រព្រឹត្តរហូតឈានដល់បញ្ចប់បញ្ហាដោយជោគជ័យ។
គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅម៉ោង៧៖៥០នាទី នៅលើផ្លូវលេខ ៣៦០ កែង១១៣ ក្បែរសារមន្ទីរទួលស្លែង ដោយរថយន្តបង្កម៉ាក Highlander ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2T:9595 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ បានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យខូចខាតរបស់ស្ត្រីម្នាក់ផ្នែកខាងក្រោយ និងបានបើករថយន្តរត់គេចខ្លួនបាត់ ដោយមិនបានទទួលខុសត្រូវដោះស្រាយសងការខូចខាត៕