(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើនាយករដ្ឋមន្ត្រីថៃ នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា ឲ្យពន្លឿននីតិវិធីក្នុងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវដែករវាងប្រទេសទាំងពីរ និងបើកច្រកទ្វារអន្តរជាតិចំនួនពីរនៅក្នុងខេត្តបន្ទាយមានជ័យ ដែលភាគីទាំងពីរបានព្រមព្រៀងនាពេលកន្លងមកនោះ។
ក្នុងជំនួបពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនេះ សម្ដេចតេជោ ហ៊ុន សែន បានសាទរចំពោះការកើនឡើងទំហំពាណិជ្ជកម្មទ្វេភាគីពី ៥,៦០៩លានដុល្លា នៅឆ្នាំ២០១៦ ដល់ ៦,១៦៥ លានដុល្លាអាមេរិកនៅឆ្នាំ២០១៧។ សម្ដេចតេជោ បានស្នើភាគីទាំងពីរធ្វើកិច្ចសហប្រតិបត្តការឲ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីសម្រេចបានគោលដៅពាណិជ្ជកម្មទ្វេភាគី ១៥ប៊ីលានដុល្លានៅឆ្នាំ២០២០។
ក្នុងឱកាសនោះ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើសុំឲ្យភាគីថៃជួយជំរុញពន្លឿនការចុះហត្ថលេខាលើសេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីទំនិញឆ្លងកាត់ និងកំពុងរង់ចាំការបំពេញនីតិវិធីផ្ទៃក្នុង ដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ។ សម្ដេចតេជោ ក៏បានស្នើសុំឲ្យរាជរដ្ឋភិបាលថៃជួយជំរុញវិនិយោគិនថៃមកវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀតផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអរគុណដល់ភាគីថៃដែលបានផ្ដល់ក្បាលរថភ្លើងមួយគ្រឿងដល់កម្ពុជា ហើយស្នើសុំភាគីទាំងសងខាងជួបប្រជុំចរចាគ្នាលើកិច្ចព្រមព្រៀងកម្ពុជា-ថៃ ស្ដីពីបច្ចេកទេស និងនីតិវិធីដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវដែក ដើម្បីឈានដល់ការឯកភាព និងចុះហត្ថលេខាក្នុងពេលដ៏ខ្លីខាងមុខ។
ជាមួយគ្នានេះសម្តេចតេជោ បានជំរុញអាជ្ញាធរពាក់ព័ន្ធចាប់ផ្ដើមពិភាក្សាពីការបើកច្រកទ្វារព្រំដែនអន្តរជាតិ នៅអូរនាង (ខេត្តបន្ទាយមានជ័យ) - បានប៉ារ៉ៃ(ខេត្តស្រះកែវ) ទន្ទឹមនឹងការការបើកច្រកទ្វារអន្តរជាតិស្ទឹងបត់-ណងអៀន។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់ភាគីថៃដែលជួយសម្រួលដល់ការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ហើយកម្ពុជានឹងខិតខំប្រឹងប្រែងផ្ដល់ភាពស្របច្បាប់ដល់ពលករដែលមិនទទួលសិទ្ឋិរស់នៅ ធ្វើការស្របច្បាប់ ឲ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០១៨នេះ។
ជំនួបថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគឺបានរឹតចំណងទំនាក់ទំនងប្រពៃណីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងការថែររក្សាសន្តិភាពតាមព្រំដែនរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរឡើង៕