(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញប្រកាសឲ្យចូលកាន់តំណែងផ្លូវការរបស់ លោក ណុប វុទ្ធី ឋានន្តរស័កិ្តមន្ត្រីថ្នាក់លេខ២ ជាអភិបាលស្រុកបន្ទាយស្រី ជំនួសលោក សូរ សុន អតីតអភិបាលស្រុក ដែលត្រូវបានចូលនិវត្ត។
លោក ណុប វុទ្ធី អភិបាលស្រុកថ្មី នៃស្រុកបន្ទាយស្រី បានធ្វើការប្តេជ្ញាចិត្តថា លោកនឹងយកអស់កម្លាំងកាយចិត្ត ដើម្បីបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងបន្ដរក្សាសាមគ្គីភាពផ្ទៃឲ្យបានកាន់តែល្អប្រសើរ។
ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង ការប្រកាសចូលកាន់តំណែងជាអភិបាលស្រុកនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្ត ចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ។ ម៉្យាងទៀតក៏ជាគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំនូវរចនាសម្ព័ន្ធក្បាលម៉ាស៊ីដឹកនាំថ្នាក់ក្រោមជាតិ ដើម្បីឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំ ក្នុងការបម្រើដល់តម្រូវការផលប្រយោជន៍របស់ប្រជាជន។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា សមិទ្ធផលនៅដែលស្រុកបន្ទាយស្រី សម្រេចបានមកនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តសម្រេចដោយជោគជ័យ នូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នៃរាជរដ្ឋាភិបាល សម្រាប់គុណប្រយោជន៍របស់ប្រជាជាតិ និងប្រជាជន ព្រមទាំងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។
បន្ថែមពីនេះ លោក ឃឹម ប៊ុនសុង បានលើកនូវ៧ចំណុចសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ យកទៅអនុវត្តឲ្យប្រកបដោយប្រសិទ្ធភាព ក្នុងនោះបានផ្តោតសំខាន់ លើការបង្កើតច្រកចេញចូលតែមួយ ក្នុងបម្រើសេវាសាធារណៈឲ្យកាន់ តែនៅជិតប្រជាពលរដ្ឋ ក្នុងការទំនាក់ទំនង និងស្វែងរកនូវឯកសារផ្សេងៗ តាមរយៈប្រព័ន្ធកុំព្យូទ័រ ព្រមទាំងការងារផ្ទេរមុខងារ និងធនធានផងដែរ។
លោកក៏បានផ្តាំផ្ញើដល់លោកអភិបាលថ្មី នៃស្រុកបន្ទាយស្រី ដែលទើបចូលកាន់តំណែង ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍស្រុកឲ្យមានការរីកចម្រើន បន្ថែមទៀត គឺយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋជាចំបង និងយកចិត្តទុកដាក់លើការងារសន្តិសុខ ជំរុញការងារបង្កបង្កើនផល រួមទាំងការទប់ស្កាត់ រាល់បទល្មើសផ្សេងៗដែលកើតឡើង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕