Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្តន្ទាទោសនគរបាលក្រុងម្នាក់ ដាក់គុក១០ឆ្នាំ ព្រោះតែបាញ់សម្លាប់មនុស្សនៅ ខារ៉ាអូខេ

15-06-2018 15:42

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ លោក វេង ហ៊ត់ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រមសម្រេច ផ្តន្ទាទោស ជនជាប់ចោទឈ្មោះ សាន បូរី អាយុ៣៧ឆ្នាំ មុខរបរមន្រ្តីការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នាក់នៅនៅ ផ្ទះលេខ៣១២ ផ្លូវលេខ៤៤C ភូមិ ទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដាក់ពន្ធនាគារកំណត់រយៈពេល១០ឆ្នាំ ដោយអនុវត្តទោសក្នុងពន្ធនាគារ រយៈពេល៧ឆ្នាំ ទោសសល់ពីនោះត្រូវព្យួរធម្មតា។

ជនត្រូវចោទ ត្រូវតុលាការចោទប្រកាន់ពីបទ «ឃាតកម្មប្រព្រឹត្តកាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចក្នុងហាងផឹកស៊ីគ្មានយីហោ ផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី១១ ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យោងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ»

នៅក្នុងសវនាការជនជាប់ចោទ បានឆ្លើយថា នៅមុនពេលកើតហេតុ ខ្លួន និងមិត្តភក្តិ បានដើរចូលទៅផឹកស៊ីក្នុងហាងគ្មានយីហោ ក្បែរផ្ទះ។

ក្រោយពីផឹកស៊ី បានមួយសន្ទុះ ខ្លួនក៏ច្រៀងខារ៉ាអូខេ ស្រាប់តែជនរងគ្រោះ ឈ្មោះ ជ័យ ប៊ុនថន និងបក្ខពួក២នាក់ទៀត ដែលកំពុងផឹកស៊ីនៅក្បែរគ្នា ច្រៀងតាមបទខ្លួនច្រៀងរហូត ហើយក្រុមជនរងគ្រោះ បានឌឺដង ឲ្យខ្លួនថា គ្រាន់តែ មកផឹកស៊ីសោះ យកកាំភ្លើងមកដែរ អាប៉ូលីសមាន់ស្ងោរ និងបានឲ្យក្តខ្លួនថែមទៀតផង។

ដោយក្រុមជនរងគ្រោះ និយាយឌឺដងដដែលៗ ជនជាប់ចោទក៏តមាត់ វិញរហូត ផ្ទុះហិង្សាដាក់គ្នា ក្រុមជនរងគ្រោះបានព្យាយាមដណ្តើមយកកាំភ្លើងតែ ជនជាប់ចោទ បានបាញ់ស្លាប់ម្នាក់ឈ្មោះ ជ័យ ប៊ុនថន មុខរបរសន្តិសុខផ្សារស្ទឹងមានជ័យ ស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕