(តាកែវ)៖ បន្ទាប់បញ្ចប់ការចូលរួមក្នុងវាពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដីរួចមក នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានបន្តដំណើរឆ្ពោះទៅពិនិត្យ លទ្ធផលនៃការអនុវត្តគម្រោង ស្តីពីការអភិវឌ្ឍកសិកម្ម និងជំរុញកំណើនសេដ្ឋកិច្ច ដែលគម្រោងនេះ ទទួលបានថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ IFAD នៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។
លោកស្រី ខាត់ សាអែម ម្ចាស់ចំការដំណាំត្រសក់ទ្រើងបានឲ្យដឹងថា បច្ចុប្បន្នសមាជិកសហគមន៍ ពន្លឺថ្មីកំពុងដាំត្រសក់ សណ្តែកគួរ និងត្រឡាច ដែលអាចរកចំណូលគ្រួសារបានចាប់ពី៥ ទៅ៦លានរៀលក្នុង១ឆ្នាំ ក្រោយពេលទូទាត់ថ្លៃដើមផលិត ដែលផលិតផល ត្រូវបានប្រមូលផ្តុំឈ្មោះថា សាខាប្រមូលបន្លែលាស់ថ្មី រួចបែងចែកទៅទីផ្សារជិតឆ្ងាយ ដែលទទួលបានផលល្អ មានចំណូលគ្រួសារសមរម្យ។
លោកស្រីបានបញ្ជាក់ប្រាប់លោករដ្ឋមន្ត្រីថា ប្រជាកសិករក្នុងភូមិឈប់ធ្វើចំណាកស្រុកទៀតហើយ ព្រោះប្រជាពលរដ្ឋអាចមានជីវភាពធូរធា ដែលមានលទ្ធភាពឲ្យកូនរៀន ហើយនេះគឺជាការចង់បានរបស់រាជរដ្ឋាភិបាលផងដែរ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ ក្នុងដំណើរចុះត្រួតពិនិត្យសហគមន៍អភិវឌ្ឍកសិកម្ម សាមគ្គីអមតខ្វាវ ដោយឃើញលទ្ធផលដ៏ល្អ និងសូមឲ្យមន្ទីរជួយណែនាំបន្ថែមពីការងារបច្ចេកទេស ហើយគួរដាំដំណាំឆ្លោះ ជៀសវាងប៉ះពាល់ដល់ទីផ្សារផងដែរ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា សហគមន៍បានបង្កើតឡើងនៅឆ្នាំ ២០០៨ ដែលបច្ចុប្បន្នមានសមាជិកជាង១ពាន់នាក់ មានប្រាក់សន្សំជាង២ពាន់លានរៀនផងដែរ ដោយសហគមន៍ដើរតួនាទីជាអ្នកឲ្យកម្ចីឥណទាន ចងការប្រាក់ដល់សមាជិក លក់សម្ភារកសិកម្ម ផ្តល់សេវាបសុសត្វភូមិ លក់ចំណីសត្វ ដាំដំណាំ និងមានមធ្យោបាយដឹកផលិតផលទៅកាន់ទីផ្សារថែមទៀត។
លោកបានបន្តថា សម្រាប់សមាជិកជាមធ្យមម្នាក់ទទួលបានចំណូលចំនួន ១,០០០ដុល្លារក្នុង១ឆ្នាំ ហើយសម្រាប់នាឱកាសដែលលោកចុះពិនិត្យសហគមន៍អភិវឌ្ឍកសិកម្ម សាមគ្គីអមតខ្វាវនេះដែរ លោកក៏បានឧបត្តម្ភ ដល់សមាជិកម្នាក់ៗចំនួន ៥ម៉ឺនរៀលផងដែរ៕