(ភ្នំពេញ)៖ ច្បាប់ថ្មីស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ត្រូវបានក្រុមប្រឹក្សាធមនុញ្ញអនុម័តជាឯកច្ឆន្ទហើយនៅក្នុងកិច្ចប្រជុំពេញអង្គនៅថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានគូសបញ្ជាក់ថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធម្មនុញ្ញដែលដឹកនាំដោយលោក អ៉ឹម ឈុនលឹម នាព្រឹកមិញនេះ បានទទួលស្គាល់ថា ច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីស្របនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី មានគោលបំណងធានាប្រសិទ្ធភាពការងាររបស់គណៈរដ្ឋមន្ត្រី ជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអង្គការនីតិប្រតិបត្តិបានដូចបានបញ្ញត្តនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់នេះមានគោលដៅកំណត់អំពីសមាសភាព សមត្ថកិច្ច និងការប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្រ្តីដែលជារជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ច្បាប់ថ្មីនេះ បានចែងថា ចាប់ពីអាណត្តិទី៦ សមាសភាពនៃរាជរដ្ឋាភិបាលរួមមាន៖នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី។ ដោយឡែករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ មិនមែនជាសមាជិករាជរដ្ឋាភិបាលទេ ហើយក៏មិនមែនជាភ្នាក់ងាររដ្ឋបាលអចិន្ត្រៃយ៍ផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានថ្លែងបញ្ជាក់ថា ការបង្កើតគណៈរដ្ឋមន្ត្រីចាស់សមាជិករាជរដ្ឋាភិបាលមានសភាពសំពីងសំពោង ដែលជាហេតុបង្កើតច្បាប់ថ្មី ដោយទុកតែនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីប៉ុណ្ណោះជាសមាជិករាជរដ្ឋាភិបាល។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ តម្រូវឲ្យថ្នាក់រដ្ឋលេខាធិការ ក៏ជាសមាជិករដ្ឋាភិបាល ការពិតរដ្ឋលេខាធិការមិនមែនទទួលខុសត្រូវចំពោះ សភា និងនាយករដ្ឋមន្ដ្រីទេ ការដាក់ឲ្យទទួលខុសត្រូវចំពោះនាយករដ្ឋមន្ដ្រី និងសភា គឺមានតែរដ្ឋមន្ដ្រី ជាប្រធានស្ថាប័ន ហើយជាអនាប័កតែប៉ុណ្ណោះ។ ក៏ប៉ុន្ដែរដ្ឋធម្មនុញ្ញក៏បានដាក់បញ្ជាក់ថា នាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ គឺជាសមាជិករាជរដ្ឋាភិបាល ដូច្នេះពេលរៀបចំរដ្ឋាភិបាលម្ដងៗ គេឃើញសំពីងសំពោង រាប់រយនាក់ឯណោះ។ ចឹងទេបានជាយើងត្រូវតែធ្វើការកែសម្រួល ដោយដកចេញ ដោយទុកតែថ្នាក់នាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាសមាជិករាជរដ្ឋាភិបាល»។
ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ដែលបានរៀបចំជាច្បាប់ថ្មី រួមមាន ៩ជំពូក និង៥៩មាត្រា ដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
* ជំពូកទី១៖ ស្តីពីបទប្បញ្ញត្តិទូទៅ មាន០៣មាត្រា៖ បញ្ញត្តអំពីគោលបំណង គោលដៅ និងវិសាលភាពនៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី។
* ជំពូកទី២៖ ស្តីពីសមត្ថកិច្ច និងសមាសភាពគណៈរដ្ឋមន្ត្រី មាន០៩មាត្រា៖ ជំពូកនេះ បានដាក់បញ្ចូលនូវខ្លឹមសារស្ទើរទំាងស្រុកនៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តីឆ្នំា១៩៩៤ ដោយគ្រាន់តែធ្វើការកែសម្រួលពាក្យពេចន៍ និងខ្លឹសារតិចតួច។ ទន្ទឹមនេះ បានបន្ថែមនូវបទប្បញ្ញត្តិថ្មីចំនួន០២ ពាក់ព័ន្ធនឹងវិសមិតភាពនៃមុខងារជាសមាជិករាជរដ្ឋាភិបាល និងការទទួលបាននូវប្រាក់បំណាច់មុខងាររបស់សមាជិករាជរដ្ឋាភិបាល។
* ជំពូកទី៣៖ ស្តីពីគណៈរដ្ឋមន្រ្តី សមត្ថកិច្ចរបស់នាយរដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាល មាន ២១មាត្រា។ ជំពូកនេះ បានដកស្រង់បទប្បញ្ញត្តិមួយចំនួនពីច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី១៩៩៤ ហើយបន្ថែមនូវបទប្បញ្ញត្តិមួយចំនួនទៀតពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់នាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាល ឲ្យស្របតាមស្ថានភាពបច្ចុប្បន្ន។
* ជំពូកទី៤៖ ស្តីពីទីស្តីការគណៈរដ្ឋមន្រ្តី មាន០៩មាត្រា៖ បញ្ញត្តអំពីការបង្កើត និងការដឹកនំា គ្រប់គ្រងទីស្តីការគណៈរដ្ឋមន្រ្តី។
* ជំពូកតី៥៖ ស្តីពីការបង្កើតក្រសួង មាន០៩មាត្រា៖ បញ្ញត្តអំពីការបង្កើតក្រសួង តួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់រដ្ឋមន្រ្តីក្នុងការដឹកនំា គ្រប់គ្រងក្រសួង ការធានានិរន្តរភាពការងាររបស់ក្រសួង និងការដោះស្រាយវិវាទសមត្ថកិច្ចរបស់ក្រសួងពីរ ឬច្រើន។
* ជំពូកតី៦៖ ស្តីពីការបង្កើតស្ថាប័ន ក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ និងយន្តការនានា មាន០៣មាត្រា៖ ជំពូកនេះ បញ្ញត្តអំពីសមត្ថកិច្ចរបស់រដ្ឋាភិបាលក្នុងការស្នើសុំបង្កើត ឬអាចបង្កើតស្ថាប័ន ក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ និងយន្តការនានា ដើម្បីបំពេញការងា តាមការចំបាច់។
* ជំពូកទី៧៖ ស្តីពីរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តីប្រឹក្សា និងជំនួយការ មាន០៤មាត្រា៖ បញ្ញត្តអំពីរដ្ឋមន្រ្តីប្រតិភូងមនាយរដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការដែលមិនមែនជាសមាជិករាជរដ្ឋាភិបាល ហើយក៏មិនមែនជាមន្ត្រីមុខងារសាធារណៈ។
* ជំពូកទី៨៖ ស្តីពីអន្តរប្បញ្ញត្ត មាន០១មាត្រា៖ បញ្ញត្តអំពីការបន្តអានុភាពអនុវត្តនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទំាងឡាយពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី ករណីមិនមានច្បាប់ និងលិខិតបតដ្ឋានគតិយុត្តថ្មីមកជំនួស។
* ជំពូកតី៩៖ ស្តីពីអវសានប្បញ្ញត្ត មាន០៤មាត្រា៖ បញ្ញត្តអំពីការអនុវត្តច្បាប់នេះចាប់ពីនីតិកាលតី៦ នៃរដ្ឋសភាតទៅ និងការទុកជានិរាករណ៍នូវច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តីឆ្នំា១៩៩៤ ច្បាប់ស្តីពីវិសោធនកម្មមាត្រា២៨ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីឆ្នំា១៩៩៤ និងច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី និងការប្រកាសឲ្យប្រើសេចក្តីព្រាងច្បាប់នេះជាការប្រញាប់៕