(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសូត្រមន្ត ថ្វាយព្រះពរក្នុងព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា គម្រប់៨២យាងចូល៨៣ព្រះវស្សា នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨។
បន្ទាប់ពីនមស្ការព្រះរតនត្រ័យ សមាទានសីលនិងព្រះសង្ឃចំនួន៩អង្គ ចម្រើនព្រះបរិត្ត ដើម្បីថ្វាយព្រះរាជកុសល ចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែររួច លោក ម៉ៅ ធនិន បានថ្លែងថាដោយផ្អែកទៅតាមណែនាំពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានោះ ថ្នាក់គណៈកិត្តិយស ថ្នាក់គណៈកម្មាធិការ ថ្នាក់ប្រតិបត្តិសាខា និងអនុសាខាកាកបាទក្រហមកម្ពុជាខេត្ត បានជ្រើសរើសយកថ្ងៃទី១៥ ខែមិថុនានេះឡើង ដើម្បីរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨២ និងយាងចូល៨៣ព្រះវស្សា។
លោកបានថ្លែងទៀតថា ទួលព្រះបង្គំទាំងអស់គ្នាជាសមាជិក សមាជិការ កាកបាទក្រហមកម្ពុជា ខេត្តទាំងអស់ មានសេចក្តី សោមនស្សរីករាយឥតឧបមា និងកក់ក្តៅក្រៃលែងចំពោះព្រះរាជវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេច ព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ដែលព្រះអង្គគង់ប្រថាប់ ជាព្រះប្រធានកិត្តិយស នៃកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែប្រោសព្រះរាជប្រទាននូវ ព្រះរាជទ្រព្យផ្ទាល់ របស់ព្រះអង្គចូលរួមទ្រទ្រង់សកម្មភាពដល់កាកបាទក្រហម កម្ពុជា និងប្រោសប្រទាន ព្រះរាជអំណោយទៅដល់ប្រជានុរាស្ត្រ ជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គនៅទូទាំងប្រទេស ក្នុងនោះក៏មានខេត្តពោធិ៍សាត់យើងផងដែរ ដោយមិនប្រកាន់ អំពីនិន្នាការនយោបាយ បក្ខពួក ពួជសាសន៍អ្វីឡើយ។
លោកបានលើកឡើងទៀតថា ទួលព្រះបង្គំ ទាំងអស់គ្នាសូមបួងសួងដល់គុណព្រះរតនត្រ័យគុណកែវទាំងបី បារមីថែរក្សាព្រះមហាស្វេតឆត្រ័ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សាសម្តេចព្រះមហាក្សត្រីព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរី សេចក្តីថ្លៃថ្នូនិងសុភមង្គល បរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រ ជាកូន ជាចៅ ចៅទួត របស់ ព្រះអង្គតរៀងទៅ។
គួរបញ្ជាក់ដែរថាព្រះមហាក្សត្រី វររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់នឹងឈានចូលជន្មាយុ៨៣ព្រះវស្សានៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ៕