(កំពង់ស្ពឺ)៖ គួរឲ្យអាសូរណាស់! បុរស២នាក់ បាននាំគ្នារាយខ្សែភ្លើងឆក់ត្រីនៅក្នុងត្រពាំងក្បែរផ្ទះ ដោយសារតែការធ្វេសប្រហែស និងគ្មានជំនាញត្រឹមត្រូវនោះ បានភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុម្នាក់ និងម្នាក់ទៀតប្រឹងប្រវ៉េប្រវ៉ារត់ឡើងគោករួចជីវិត ប៉ុន្តែរបួសធ្ងន់ម្នាក់។
ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅទាបភ្លឺស្រាងៗថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទងខេត្តកំពង់ស្ពឺ។
យោងតាមប្រភពបានឲ្យដឹងថា នៅវេលាម៉ោង៣៖១០នាទី ទាបភ្លឺស្រាងៗព្រឹក ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ គេបានឃើញមានឈ្មោះ ឌួង វណ្ណី ភេទប្រុស អាយុ៣៤ឆ្នាំ និងឈ្មោះ គង់ ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង បាននាំគ្នាតខ្សែភ្លើងចេញពីក្នុងផ្ទះចម្ងាយ៣០ម៉ែត្រ គោលបំណងរបស់ពួកគេគឺឆក់ត្រី នៅក្នុងត្រពាំងខាងជើងភូមិខាងលើ ពេលកំពុងតខ្សែភ្លើងគេមិនទាន់ឃើញមានការឆក់មនុស្សទេ លុះដល់ពេលយកដងឆក់ដាក់ចុះក្នុងទឹកក៏បានឆក់ឈ្មោះ ឌួង វណ្ណី ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។
បន្ទាប់ពីឃើញឆក់ឈ្មោះ ឌួង វណ្ណី បុរសម្នាក់ទៀតឈ្មោះ គង់ ប៊ុនធឿន ក៏ប្រឹងប្រវ៉េប្រវ៉ារត់ឡើងគោកបានរួចជីវិតប៉ុន្តែបានទទួលរងរបួស បញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យ ។
ចំពោះសាកសពជនរងគ្រោះខាងលើក្រុមគ្រួសារបានទទួលស្គាល់ថាពិតជាបានឆក់ខ្សែភ្លើងស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្នប្រគល់សពឲ្យគ្រួសារធ្វើ បុណ្យទាំងសោកស្តាយ៕