(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងសមត្ថកិច្ចខណ្ឌ-ប៉ុស្ដិ៍មូលដ្ឋាន ចុះលបឆ្មក់បង្ក្រាបទីតាំងបនល្បែងមួយកន្លែង ដកហូតទូហ្គេមបាញ់ត្រី២គ្រឿង និងឃាត់ខ្លួនស្រ្តី អ្នកមើលការខុសត្រូវ២នាក់ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសហគមន៍ភូមិសែនសុខ៥ សង្កាត់ឃ្មួញ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨។
មន្ត្រីនគរបាល បានឲ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ និងបើកការតាមដានកំណត់នូវទីតាំង និងពេលវេលា នៃការប្រព្រឹត្តបទល្មើស ទើបឈានទៅរកការបង្ក្រាបតែម្ដង ធ្វើឲ្យពលរដ្ឋទាំងចាស់ក្មេងចោមរោមមើល និងមានការសាទរគាំទ្រចំពោះចំណាត់ការ របស់សមត្ថកិច្ច ក្នុងការចុះបង្ក្រាបល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី ដែលជាទីតាំងផ្ដល់ទាំងការប្រើប្រាស់ ចែកចាយ ជួញដូរគ្រឿងញៀន និងជាដើមចមនៃបទល្មើសលួចឆក់ប្លន់ និងអំពើហិង្សាជាដើម។
មន្ត្រីនគរបាលបានឲ្យដឹងទៀតថា ក្រោយពីបង្ក្រាបឃាត់ខ្លួនស្ត្រីអ្នកមើលការខុសត្រូវ បនល្បែងទាំង២នាក់ ត្រូវបញ្ជូនទៅណែនាំអប់រំតាមនិតិវិធី នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រួមជាមួយទូហ្គេមបាញ់ត្រី២គ្រឿង ដើម្បីរង់ចាំវាយកម្ទេចដុតចោលនៅពេលក្រោយ៕