(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាការពារទាំង១៥ឃុំ របស់ស្រុកបរសេដ្ឋ ដែលមានប្រជាការពារសរុបជាង១ពាន់នាក់ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់ពួកគាត់ ដែលពួកគាត់តែងតែជួយសម្រួលរាល់សកម្មភាព គ្រប់បែបយ៉ាងនៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋផងដែរ។
ក្នុងពិធីសំណេះសំណាលនេះដែរ បានប្រព្រឹត្តទៅដោយមានការចូលរូមពី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងប្រជាការពារមកពី១៥ឃុំ របស់ស្រុកបរសេដ្ឋសរុបចំនួន ១,៤២៥នាក់។
នាឱកាសសំណេះសំណាលនេះដែរ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា កម្លាំងប្រជាការពារ គឺជាកម្លាំងស្នូលដ៏សំខាន់ សម្រាប់អាជ្ញាធរក្នុងមូលដ្ឋាន ក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមសហការគ្រប់សកម្មភាព របស់អាជ្ញាធរមិនថា កិច្ចការងារសន្តិសុខ មនុស្សធម៌ ឬការងាររដ្ឋបាលផ្សេងៗ ដូចជាការជួយសម្រួល ចរាចរណ៍កកស្ទះ រៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានជាដើម គឺតែងតែមានវត្តមានរបស់ពួកគាត់ នៅជាមួយសកម្មភាពទាំងនេះជានិច្ច។
លោកក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរថា «ចំពោះបងប្អូនជាប្រជាការពារទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឲ្យភូមិ-ឃុំ របស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិ-ឃុំប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើង ឲ្យបានគង់វង់យូរអង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ»។
លោកបានបន្តថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល តាមរយៈការអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អ បង្ក្រាបបានបទល្មើសគ្រប់ប្រភេទ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយសុខដុមរម្យនា ដោយមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងធ្វើឲ្យភាពក្រីក្រ ក្នុងមូលដ្ឋានបានថយចុះមួយកម្រិតទៀតផងដែរ។
លោក វ៉ី សំណាង បានសង្កត់ធ្ងន់ថា សន្តិភាពនេះ រកបានមកដោយលំបាក ក្រោមការតស៊ូប្តូរផ្តាច់យកជីវត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកប្រទេសដ៏ឈ្លាសវៃ បានប្រែក្លាយប្រទេសជាតិ តាំងពីបាតដៃទទេរ នាំឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។
សម្រាប់ក្នុងឱកាសសំណេះសំណាលនេះដែរ ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួន ជូនដល់ប្រជាការពារភូមិដែលមកពី១៥ឃុំ នៅស្រុកបរសេដ្ឋ សរុបប្រមាណ ១,៤២៥នាក់ផងដែរ៕