(ភ្នំពេញ)៖ ការដឹកកប៉ាល់កុងតឺទ័រខ្នាតវែងខ្លាំង ឈ្មោះថា ចក្រវាឡកាប៉ាល់កូស្កូ ដែលមានប្រវែង៤០០ម៉ែត បានបង្ហាញឱ្យឃើញច្បាស់អំពីសមត្ថភាពរបស់ប្រទេសចិន ក្នុងការផលិតកប៉ាល់ដ៏ធំបែបនេះ នៅពេលដែលកំពុងព្យាយាមពង្រីកតួនាទីរបស់ខ្លួន ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ តាមរយៈគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ។
កប៉ាល់ថ្មីនេះ អាចដឹកទំនិញបាន១សែន៩ម៉ឺន៨ពាន់ម៉ែត្រតោន និងមានល្បឿន២៧គីឡូម៉ែតក្នុង១ម៉ោង។ ចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុត ដែលអាចសាងសង់កប៉ាល់ខ្នាតយក្ស សម្រាប់ដឹកកុងធេន័រដូច្នេះ។
លោក សៀរ យូ នាយកមន្ទីរសហប្រតិបត្តិការអន្តរជាតិ នៃសមាគមឧស្សាហកម្មសាងសង់កប៉ាល់ជាតិចិន «តាមពិតទៅ កាប៉ាល់ប្រភេទនេះឆ្លុះបញ្ចាំងឱ្យឃើញពីស្តង់ដា បច្ចេកវិទ្យារបស់ប្រទេសដែលផលិតវា ព្រមទាំងបង្ហាញឱ្យឃើញពីភាពខ្លាំងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសនោះផងដែរ។ វាបង្ហាញថា យើងមានសមត្ថភាពផលិតកាប៉ាល់ដ៏ធំ និងមានទំនិញគ្រប់គ្រាន់សម្រាប់ឱ្យកាប៉ាល់ទាំងនេះ ដឹកទៀតផង»។
ដោយកប៉ាល់ធំៗដូចជា កប៉ាល់កូស្កូអាចផ្ទុកទំនិញបានយ៉ាងតិចបំផុត៨០% វានឹងចំណាយតិចជាង បើធៀបនឹងជម្រើសនៃការដឹកជញ្ជូនដែលមានសព្វថ្ងៃ។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ លោក កុង រួយភីង អនុប្រធានគ្រប់គ្រងទូទៅ មជ្ឈមណ្ដលប្រតិបត្តិការជើងទឹកសកល នៃក្រុមហ៊ុនកប៉ាល់សមុទ្រចិន កូស្កូ «បើយោងតាមផែនការ យុទ្ធសាស្ត្រជាតិ ខ្សែទឹកកាប៉ាល់រវាងតំបន់ខាងកើតនិងតំបន់អ៊ឺរ៉ុប គឺជាខ្សែទឹកដ៏សំខាន់មួយសម្រាប់គម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ។ សមត្ថភាពដឹកទំនិញជាធម្មតា គឺអាចឈានដល់កម្រិត៩៥ភាគរយ ឬច្រើនជាងនេះ។ និយាយឱ្យសាមញ្ញទៅ គឺយើងអាចដឹកវាឱ្យពេញតែម្តង»។
លោក សៀរ និយាយថា កប៉ាល់កុងតឺទ័រខ្នាតធំខ្លាំង អាចដឹកនាំការអភិវឌ្ឍន៍កំពង់ផែនិងពាណិជ្ជកម្មរបស់បណ្តាប្រទេសទាំងឡាយ ដែលស្ថិតនៅតាមបណ្តោយផ្លូវពាណិជ្ជកម្ម ខ្សែក្រវ៉ាត់មួយផ្លូវមួយបាន ពីព្រោះគេនឹងត្រូវអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់គេ ដើម្បីឱ្យកប៉ាល់ដែលកាន់តែធំអាចចូលបាន។ លោក សៀរ យូ នាយកមន្ទីរសហប្រតិបត្តិការអន្តរជាតិ នៃសមាគមឧស្សាហកម្មសាងសង់កាប៉ាល់ជាតិចិន «កប៉ាល់ដឹកកុងតឺទ័រសព្វថ្ងៃ គឺធំជាងមុន។ ហើយនៅពេលដែលកប៉ាល់ឆ្លងកាត់ផែទាំងនេះ បើសិនជាគេត្រូវការចូលដឹកទំនិញ យើងអាចដាក់កុងតឺទ័រទាំងនេះ លើកាប៉ាល់របស់យើង ដើម្បីដឹកចេញបាន។ វានឹងជួយបានច្រើនណាស់ ដល់គម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ។ ហើយវាក៏ជួយដល់ការដឹកទំនិញ តាមកប៉ាល់របស់បណ្តាប្រទេសទាំងឡាយ ដែលស្ថិតនៅតាមបណ្តោយក្រវ៉ាត់មួយផ្លូវមួយនេះដែរ»៕ (សារព័ត៌មាន CCTV របស់ចិន)