(ភ្នំពេញ)៖ ទន្ទឹមគ្នានឹងប្រជាប្រិយភាព ខាងសម្តែងខ្សែភាពយន្តភាគខ្មែរជាច្រើនភាគ ឲ្យស្ថានីយទូរទស្សន៍នានា លោក សូ ឆានី បានក្លាយជាតារាប្រុសមួយដួង ដែលត្រូវបានទស្សនិកជនគាំទ្រច្រើន ជាមួយនឹងទឹកដៃសម្តែងរបស់ រួមផ្សំជាមួយនឹងរូបរាងស្រស់សង្ហារផងនោះ។ ក្រៅពីទីផ្សារសិល្បៈ ហាក់រីកចម្រើនហើយនោះ លោកក៏មានការពុះពារតស៊ូ ជាច្រើនផងដែរ ទំរាំបានក្លាយជាបុគ្គល ដែលមានមហាជនទទួលស្គាល់បែបនេះ។ ជាការពិត អាថ៌កំបាំងផ្ទាល់ខ្លួនទាំងនេះ ទស្សនិកជនមិនបានជ្រាបនោះទេ ខណៈនៅចុង សប្តាហ៍នេះ លោកនឹងចូលខ្លួនមកបកស្រាយតាមរយៈ កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ដើម្បីជម្រះនូវមន្ទិល របស់ទស្សនិកជន។

ជាការកត់សម្គាល់ លោក សូ ឆានី គឺជាតារាប្រុស ដែលមានរូបស្រស់សង្ហារមួយរូប ដែលកំពុងមានប្រជាប្រិយភាពសមល្មម ដោយបច្ចុប្បន្ន បន្ទាប់ពីទស្សនិកជនស្គាល់ច្រើន តាមរយៈចូលរួមសម្តែង ជាតួឯកក្នុងរឿង «ទណ្ឌកម្មស្នេហ» ជាមួយនឹង កញ្ញា សារាយ ព្រះកាយច័ន្ទ រួចមក ទីផ្សារសិល្បៈរបស់លោក ហាក់មមាញឹកខ្លាំង ខណៈផលិតករនានា មើលឃើញពីទឹកដៃសម្តែង យ៉ាងមានទេពកោសល្យរបស់លោកនោះ។ តារាប្រុស ដែលវិវឌ្ឍន៍ខ្លួនពីតារាម៉ូដែល ទៅជាតារាសម្តែងរូបនេះ ក៏មានរឿងរ៉ាវអាស្រូវផងដែរ ថាមានទំនាក់ទំនងស្នេហ៍ជាមួយ ព្រះកាយច័ន្ទ ក្រោយអ្នកទាំងពីរសម្តែងជាមួយគ្នា។

យ៉ាងណាមិញ ទោះបីជារឿងនេះលោក សូ ឆានី និងព្រះកាយច័ន្ទ បានបកស្រាយហើយក៏ដោយ ប៉ុន្តែទស្សនិកជន នៅតែមិនទាន់អស់ចិត្តនៅឡើយ ដូច្នេះដើម្បីជម្រះមន្ទិលទាំងនេះ ទស្សនិកជននឹងជ្រាបច្បាស់ ជាមួយនឹងការបកស្រាយរបស់លោក តាមរយៈម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ Fresh News TV និង Fresh news Radio នៅល្ងាចថ្ងៃសៅរ៍នេះ។ ក្នុងនោះ កិច្ចសម្ភាសន៍ ក្នុងកម្មវិធីក៏មានការ Live ផ្ទាល់ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ ហើយនឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ វេលាម៉ោង៧ដល់ម៉ោង៨យប់ ថ្ងៃដដែល៕