(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ប៉ុល ពិធេយ្យ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៥ ខែមិថុនានេះថា បុរសម្នាក់ដែលវាយធ្វើបាបក្មេង ហើយត្រូវបានគេថតវីដេអូបង្ហោះចែករំលែក តាមបណ្តាញទំនាក់ទំនងសង្គម Facebook ទទួលរងការរិះគន់យ៉ាងខ្លាំងនោះ ពេលនេះត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនឃាត់ខ្លួនបានហើយ។
លោកឧត្តមសេនីយ៍ឯក ប៉ុល ពិធេយ្យ បញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ ហិន សុផាន់ណា អាយុ៣៩ឆ្នាំ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៧៣ ផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ហេង ឡិថុន ភេទ ប្រុស អាយុ៥ឆ្នាំ។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ទៀតថា ពេលនេះជនសង្ស័យកំពុងសួរនាំ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ហើយក្មេងដែលត្រូវបុរសនោះវាយធ្វើបាប គឺជាកូនបង្កើតរបស់បុរសនោះតែម្តង។
សូមជម្រាបថា នៅប៉ុន្មានថ្ងៃមុននេះ វីដេអូឃ្លីបមួយត្រូវបានគេបង្ហោះ ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ដែលបង្ហាញពីសកម្មកភាពបុរសម្នាក់ បានវាយធ្វើបាបកូនក្មេងម្នាក់យ៉ាងព្រៃផ្សៃ ហើយទទួលបានការចាប់អារម្មណ៍ និងរិះគន់យ៉ាងខ្លាំងពីមហាជននូវទង្វើដ៏ឃោរឃៅនេះ។ ទើបនៅថ្ងៃទី១៥ ខែមិថុនានេះ កម្លាំងនគរបាលឈានដល់កំណត់អត្តសញ្ញាណ ឃាត់ខ្លួនជនសង្ស័យ បុរសជាឪពុកបានតែម្តង៕