(ភ្នំពេញ)៖ សនវការដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ រួមមានលោក សេង លាង ជាចៅក្រមជំនុំជម្រះ និងលោក សៀង សុខ ជាតំណាងអយ្យការ លើករណីបុរសជនជាតិអូស្រ្តាលី ឈ្មោះ Jame Ricketson អាយុ៦៨ឆ្នាំ ជាប់ចោទពីបទ បង្ហោះដ្រូនប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ ត្រូវបានប្រកាសលើកពេល ដោយសំអាងហេតុថា គ្មានមេធាវីការពារជនត្រូវចោទជាជនបរទេសរូបនេះ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ពេជ្រ វិជ្ជាធរ បានចេញដីកាកោះ ឲ្យអនុរក្សពន្ធនាគារព្រៃស១ នាំខ្លួនបុរសជនជាតិអូស្រ្តាលី ឈ្មោះ Jame Ricketson អាយុ៦៨ឆ្នាំ ដែលបង្ហោះដ្រូន មកតុលាការ ដើម្បីបើកសវនាការ ពាក់ព័ន្ធជនបរទេសរូបនេះ បានបង្ហោះដ្រូន ដើម្បីប្រមូលផ្តុំព័ត៌មានកាលពីពេលកន្លងទៅ។
កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ២០១៧ កន្លងទៅ តុលាការបានសម្រេចឃុំខ្លួនបុរសជនជាតិអូស្រ្តាលីរូបនេះ ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ក្រោមចោទប្រកាន់របស់លោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ពីបទ «ប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ អំពើទទួល ឬប្រមូលផ្តុំដើម្បីផ្តល់ព័ត៌មាន វិទ្យា ឬសលាកបត្រដែលអាចធ្វើឲ្យអន្តរាយ ការការពារជាតិ តាមមាត្រា៤៤៦. នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា»។
គួររំលឹកថា បុរសជនជាតិអូស្រ្តាលីម្នាក់នេះ បានបង្ហោះដ្រូន ពីលើអាកាស កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ តែត្រូវបានសមត្តកិច្ចនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនិតិវិធី ផែនអន្តោប្រវេសន៍ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕