(បាងកក, ថៃ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងទៅកាន់វេទិកានាយកប្រតិបត្តិ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) ក៏ដូចជានៅចំពោះមុខអ្នកវិនិយោគជាច្រើនទៀតថា កម្ពុជាកំពនុងអនុវត្តន៍វិធានការដ៏មុតស្រួចចំនួន៥ ដើម្បីជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជាឲ្យស្ទុះទៅមុខកាន់តែខ្លាំងក្លា។
ការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសុន្ទរកថាគន្លឹះរបស់សម្តេចក្នុងវេទិកានាយកប្រតិបត្តិ ACMECS ស្ដីពី «ការភ្ជាប់ទៅអនាគតរបស់យើង៖ ការលើកកំពស់កិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្ម ACMECS» នៅទីក្រុងបាងកក ប្រទេសថៃ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ។ ក្នុងវេទិកានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសជាសមាជិក ACMECS វិនិយោគិនធំៗ ដៃគូអភិវឌ្ឍន៍ តំណាងសភាពាណិជ្ជកម្មប្រទេសសមាជិកទាំ អគ្គលេខាធិការអាស៊ាន គ្រឹះស្ថានហិរញ្ញវត្ថុសំខាន់ៗរបស់ពិភពលោក និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ក្នុងសុន្ទរកថាគន្លឹះនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាកំពុងអនុវត្តន៍នូវវិធានការមុតស្រួចប្រកបដោយភាពជាក់ស្តែង និងប្រាកដនិយមចំនួន៥ ជំរុញសន្ទុះនៃការវិនិយោគ និងពាណិជ្ជកម្ម។ វិធានការទាំង៥នោះរួមមាន៖
១៖ រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការសម្រួលពាណិជ្ជកម្មដោយរៀបចំដាក់ឲ្យអនុវត្តនូវបញ្ជរចេញ-ចូលតែមួយ ធ្វើសាមញ្ញកម្ម និងស្វ័យប្រវត្តិកម្មនិតិវិធីគយ ទាំងលើការកំណត់ថ្លៃ និងការបញ្ចេញទំនិញ កាត់បន្ថយនូវថ្លៃសេវា ទាំងផ្លូវការ និងមិនផ្លូវការនានា ព្រមទាំងសិក្សាធ្វើការកែសម្រួលនូវស្ថាប័ន តាមមាត់ច្រកទា្វអន្តរជាតិ និងកំពង់ផែអន្តរជាតិ ដើម្បីសម្រួល និងពន្លឿនដល់ការនាំចេញ-នាំចូល។
២៖ នៅលើការតភ្ជាប់ផ្នែកទន់រាជរដ្ឋាភិបាលកំពុងរៀបចំផែនការមេស្តីពីវិស័យឡូជីស្ទីករួមទាំងការតភ្ជាប់ផ្នែកឌីជីថល (Digital) ផងដោយដាក់ចេញជាយុទ្ធសាស្ត្រសម្រាប់ជំរុញអនុវត្តនៅក្នុងរយៈពេលមធ្យមខាងមុខ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកំពុងក៏សាងបន្ថែមនិងកែលម្អកំពង់ផែសមុទ្រនៅក្រុងព្រះសីហនុឲ្យមានជម្រៅទឹករហូតដល់ ១៤ម៉ែត្រ ដែលអាចទទួលបាននូវនាវាទឹកទំនិញធំៗ ទន្ទឹមនឹងការកសាងផ្លូវល្បឿនលឿន (Expressway) ពីភ្នំពេញទៅកំពង់ផែអន្តរជាតិនេះ ដើម្បីសម្រូលដល់ការដឹកជញ្ជូនទំនិញនានាទៅកំពង់ផែសមុទ្រទឹកជ្រៅដោយប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន(PPP)។ ការកសាងទាំងនេះ នឹងសម្រេចរួចរាល់ក្នុងពេលឆាប់ៗខាងមុខ។
៣៖ ពាក់ព័ន្ធនឹងថ្លៃអគ្គិសនី ដោយសារតម្លៃអគ្គិសនីនៅកម្ពុជាមានកម្រិតខ្ពស់ជាងថ្លៃអគ្គិសនីនៅក្នុងប្រទេសមួយចំនួនដែលជាសមាជិក ACMECS ដែលជាបញ្ហាប្រឈមចម្បងមួយនៅក្នុងការទាក់ទាញការវិនិយោគ។ ចំពោះបញ្ហានេះ រាជរដ្ឋាភិបាលកំពុងតែពិនិត្យលទ្ធភាពធ្វើការបញ្ចុះថ្លៃអគ្គិសនីជាបណ្តើរៗថែមទៀតចាប់តាំងពីឆ្នាំ២០១៩ នេះតទៅ។
៤៖ រាជរដ្ឋាភិបាលកំពុងរៀបចំបង្កើតធនាគារ SMEs ព្រមទាំងមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពកម្ពុជា ទន្ទឹមនឹងការដាក់ចេញនូវវិធានការមុតស្រួចមួយចំនួនទៀតនៅក្នុងក្របខណ្ឌនៃគោលនយោបាយជំរុញអភិវឌ្ឍន៍ SMEs ដើម្បីលើកម្ពស់វិស័យនេះ ឲ្យក្លាយជាក្បាលម៉ាស៊ីនប្រកបដោយជវភាព នៅក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ច។
៥៖ កម្ពុជាកំពុងរៀបចំខ្លួនដើម្បីចាប់យកសក្តានុពលនិងប្រយោជន៍នៃសេដ្ឋកិច្ច Digital ដែលកំពុងតែកើនឡើង និងរីកដុះដាក់នៅក្នុងតំបន់ និងពិភពលោក។ដូចបណ្តាលប្រទេសនៅក្នុងតំបន់, កម្ពុជាកំពុងតែបង្កើតការវិនិយោគរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធអេកូឡូស៊ីសម្រាប់ទ្រទ្រង់ការរីកចម្រើននៃសេដ្ឋកិច្ច Digital នេះដែលរួមបញ្ជូលនូវការអភិវឌ្ឍស្ថាប័ន, ការកសាង ហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង និងការបណ្តុះបណ្តាលធនធានមនុស្ស។
នៅក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញនាយកប្រតិបត្តិ និងវិនិយោគិន ទៅស្វែងយល់ពីកាលានុវត្តភាពវិនិយោគជាក់ស្តែងដែលកម្ពុជាអាចផ្គល់ជូនក៏ដូចជាភាពបុរេសកម្មរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់ ជាពិសេសការកែលម្អគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទាំងរឹង និងទន់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់វិនិយោគិនក្នុងទិសដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវបរិស្ថានវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា៕