(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រេចបាន១៤ខេត្តហើយ ពោលស្មើនឹង៥០ភាគរយ ដែលគ្រោងនឹងបញ្ចប់ទាំងស្រុង នូវដំណើរការបោះពុម្ពសន្លឹកឆ្នោតនេះ គឺនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ការថ្លែងរបស់ លោក ឌឹម សុវណ្ណារុំ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសចុះពិនិត្យដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលទីតាំងរោងពុម្ព ស្ថិតនៅផ្ទះលេខ៩ ផ្លូវលេខ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
អ្នកនាំពាក្យគ.ជ.ប រូបនេះ បានបញ្ជាក់ប្រាក់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ការបោះពុម្ពនៅថ្ងៃនេះ សូមជម្រាបថា យើងបោះពុម្ពសម្រេចបាន១៤ខេត្តហើយ ចឹងមានន័យថា បោះពុម្ពសម្រេចបាន៥០ភាគរយហើយ ហើយនឹងគ្រោងបញ្ចប់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨»។
បើតាមលោក ឌឹម សុវណ្ណារុំ សន្លឹកឆ្នោតនៅតាមខេត្តនីមួយៗមិនដូចគ្នាទេ ព្រោះដោយសារការដាក់បេក្ខជន ចូលរួមប្រកួតប្រជែង ពីសំណាក់គណបក្សនយោបាយ មិនដូចគ្នា ហើយខេត្តដែលបានបោះពុម្ពសន្លឹកឆ្នោតរួចរាល់នោះ រួមមាន ខេត្តកំពត ខេត្តកែប ខេត្តប៉ៃលិន ខេត្តកោះកុង ខេត្តបន្ទាយមានជ័យ ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ និងខេត្តតាកែវ។
បន្ថែមពីនេះ អ្នកនាំពាក្យ គ.ជ.ប លោក ឌឹម សុវណ្ណារុំ បានគូសបញ្ជាក់ថា ការបោះពុម្ពសន្លឹកឆ្នោតមាន៥ដំណាក់កាល ដោយដំណាក់កាលទី១៖ ដំណាក់កាលបោះពុម្ព, ដំណាក់កាលទី២៖ វាយលេខកូដ, ដំណាក់កាលទី៣៖ ចោះអក្សរកាត់ NEC ដើម្បីរក្សាការសម្ងាត់, ដំណាក់កាលទី៤៖ កិបក្បាល និងដំណាក់កាលទី៥៖ វេចខ្ចប់។
សូមជម្រាបថា សន្លឹកឆ្នោតដែលនឹងត្រូវបោះពុម្ភ ដើម្បីបម្រើដល់ការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ មានចំនួន ១០,៥២៥,៦៥០ សន្លឹក។ ក្នុងនោះសន្លឹកឆ្នោត ៣២៩,២០០សន្លឹក ជាសន្លឹកឆ្នោតគំរូ ហើយក្រៅពីនោះ ក៏មានសន្លឹកឆ្នោតសម្រាប់ប្រើប្រាស់ ដើម្បីបណ្តុះបណ្តាលមន្រ្តី និងសន្លឹកឆ្នោតត្រៀមបម្រុងនៅតាមការិយាល័យបោះឆ្នោតនីមួយៗផងដែរ។
ក្នុងសន្លឹកឆ្នោតមួយសន្លឹក ត្រូវចំណាយថវិកាប្រមាណ៩៩០រៀល។ ដូច្នេះសន្លឹកឆ្នោតជាង ១០លានសន្លឹកនេះ ចំណាយថវិកាសរុបជា ១០ពាន់លានរៀល (១០,៤២០,៣៩៣,៥០០រៀល) ស្មើនឹងជាង ២.៦លានដុល្លារ អាមេរិក៕