(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនជាតិចិន នៅវេលាម៉ោង១៖៣០នាទី រំលងអាធ្រាត្រ ថ្ងៃទី១៥ ខែមិថុនា នៅចំណុចមុខរង្វង់មូលតោ២ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
នគរបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះភ្លាមៗនោះ កម្លាំងជំនាញផែនព្រហ្មទណ្ឌ បានចេញប្រតិបត្តិការ ដេញប្រផាត់ចាប់ប្រភីង ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រហូតឈានដល់ការឃាត់ខ្លួនបានបក្ខពួកចំនួន២នាក់ទៀត ដែលជាអ្នកសមគំនិត ។
នគរបាលដដែល បានបន្តថា ជនសង្ស័យដែលធ្វើសកម្មភាពឆក់ទូរស័ព្ទទាំងពីរនាក់ រួមមានទី១៖ ឈ្មោះ សុខ នីហួត អាយុ១៧ឆ្នាំ បុខរបរ ជាងដេរកាបូប មានទីលំនៅភូមិក្រាំងតាចក ឃុំរុងរឿង ស្រុកស្ពង ខេត្តកំពង់ស្ពឺ (អ្នកបើកម៉ូតូ), ទី២៖ ឈ្មោះ រឿង គន្ធា អាយុ២០ឆ្នាំ បុខរបរ ជួយលក់ឥវ៉ាន់ម្តាយ មានទីលំនៅភូមិរំលង ឃុំសម្ពរទេព ស្រុកច្បារមន ខេត្តកំពង់ស្ពឺ (ជិះពីក្រោយឆក់)។ ចំណែកបក្ខពួក២នាក់ទៀត ជាអ្នកសមគំនិតរួមមានឈ្មោះ ជួន កក្កដា អាយុ១៧ឆ្នាំ បុខរបរជួយលក់ឥវ៉ាន់ម្តាយ មានទីលំនៅភូមិរំលង ឃុំសម្ពរទេព ស្រុកច្បារមន ខេត្តកំពង់ស្ពឺ និងទី៤៖ ឈ្មោះ ជុំ ជុតិម៉ា អាយុ១៧ឆ្នាំ បុខរបរជួយលក់ឥវ៉ាន់ម្តាយ មានទីលំនៅភូមិរំលង ឃុំសម្ពរទេព ស្រុកច្បារមន ខេត្តកំពង់ស្ពឺ។
វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូម៉ាក Nex មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ 1I-7358 (មធ្យោបាយធ្វើសកម្មភាព), ម៉ូតូ១គ្រឿង ម៉ាក Beat ពណ៌ស ស្លាកលេខ កំពង់ស្ពឺ1K-0018 (មធ្យោបាយធ្វើសកម្មភាព) និងទូរស័ព្ទដៃ១គ្រឿង ម៉ាក OPPO ពណ៌ទឹកមាស ជារបស់ជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តព្រះសីហនុ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕